ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី បានធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀង ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល។ បើតាមការប្រកាសព័ត៌របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៣។
នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ក្នុងនាមរដ្ឋាភិបាលសិង្ហបុរី បានចុះហត្ថលេខាលើ "ពិធីសារទី ២” ដើម្បីធ្វើវិសោធនកម្មលើ កិច្ចព្រមព្រៀងពី "ការចៀស វាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (Double Taxation Agreement-DTA)។
គោលបំណងនៃការរៀបចំឱ្យមាន “ពិធីសារទី ២” នេះ គឺដើម្បីធ្វើវិសោធនកម្មទៅលើកិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី ឱ្យមានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិ ដែលត្រូវបានវិវត្តចុងក្រោយ ជាពិសេសនៅក្រោម ក្របខ័ណ្ឌបរិយាប័ន្នរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់ប្រឈមនឹងការបន្ថយ មូលដ្ឋានគិតពន្ធ និងការបង្វែរប្រាក់ចំណេញ (Base Erosion and Profit Shifting-BEPS)។ បើតាមការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាន។
គួរបញ្ចាក់ផងដែរថា “កិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី” ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ហើយបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨៕
ដោយ៖ មឿន ឌីណា (Moeun Dyna)