Register Already an agent ? Login

មន្ត្រីជំនាញ ប្រាប់ពីនីតិវិធីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនតាមទូរសព្ទដៃសម្រាប់យានយន្តថ្មីដែលទើបបង់ពន្ធលើកដំបូង

ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកពីនីតិវិធីបង់ពន្ធលើមធ្យោបាយដឹក តាមទូរសព្ទដៃសម្រាប់យានយន្តថ្មីដែលទើបបង់ពន្ធលើកដំបូង គ្រាន់តែបញ្ចូលទិន្ន័យមួយចំនួនដែលមានក្នុងបណ្ណសម្គាល់យានយន្ត (កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗ ចំនួន ៣។

ក្នុងកម្មវិធី "ពន្ធដារកម្ពុជា" ដែលផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពី ថៃ្ងទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយមានវាគ្មិន ជាមន្ត្រីជំនាញ លោកស្រី អ៊ុន វណ្ណដាវីន និងលោក ជួប ចាន់ដារ៉ា អនុប្រធានការិយាល័យនៃនាយកដ្ឋានពន្ធចលនទ្រព្យនិងអចលនទ្រព្យ បានលើកពីនីតិវិធីបង់ពន្ធលើមធ្យោបាយដឹក តាមទូរសព្ទដៃសម្រាប់យានយន្តថ្មី។

បើតាម វាគ្មិន ជាមន្ត្រីជំនាញ បានបញ្ជាក់ថា យានយន្តថ្មីដែលទើបចុះបញ្ជី បានជោគជ័យនៅក្រសួងសាធារណការនិងដឹកជញ្ចូន មិនចាំបាច់មកចុះបញ្ជីនិងបង់ពន្ធដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬធនាគារពាណិជ្ជ ជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារទៀតទេ។

លោកអ្នក គ្រាន់តែប្រើប្រាស់មុខងារបន្ថែមយានយន្តថ្មី នៃកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) នោះលោកអ្នកនឹងអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបានដោយខ្លួនឯង។ បើតាមការបន្តរបស់ មន្ត្រីជំនាញដដែល។

បើតាម វាគ្មិន បានបន្ថែមថា គ្រាន់តែបញ្ចូលទិន្ន័យមួយចំនួនដែលមានក្នុង បណ្ណសម្គាល់យានយន្ត (កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗ ចំនួន ៣ រួមមាន៖

- បណ្ណសម្គាល់យានយន្ត

- អត្តសញ្ញាណបណ្ណម្ចាស់យានយន្ត

- វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក)។

ដោយឡែក យានយន្តដែលធ្លាប់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននាឆ្នាំកន្លងមករួចហើយ អាចអញ្ជើញមកបង់ប្រាក់ពន្ធសម្រាប់ឆ្នាំ២០២៣ នៅតាមបណ្ដាសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានសាខានៅទូទាំងប្រទេសឬបង់ប្រាក់ ពន្ធតាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) បន្ទាប់មកភ្នាក់ងារដឹកជញ្ជូនរបស់អគ្គនាយកដ្ឋានពន្ធដារនឹងដឹកជញ្ចូនលតាបត ដល់គេហដ្ឋាន។ បើតាមការបញ្ជាក់បន្ថែមរបស់ មន្រ្តីជំនាញដដែល។

សូមបញ្ជាក់ផងដែរថា ពន្ធលើមធ្យោបាយដឹកជញ្ចូន ជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាសនិងបង់ប្រាក់ពន្ធចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៃឆ្នាំនីមួយៗ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)