Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិជាង ២៧លានដុល្លារ ទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

សៀមរាប៖ កម្ពុជា ទទួលបានចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរចំនួន ២៧,៨៨២,៤៣៥ដុល្លារ ដែលមានភ្ញៀវទេសចរបរទេសចំនួនសរុប ៦០២,៥៧០នាក់ រយៈពេល​ ១០ខែ ឆ្នាំ២០២៣។ តាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។

ក្រៅពី​ចំណូល​ខាងលើ​គ្រឹះ​​ស្ថាន​អង្គរ ក៏​ទទួលបាន​ចំណូល​ ៥៩០ ៩៤៨ដុល្លារ​ផងដែរ ​ពី​ការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​ប្រាសាទ​កោះ​កេរ និង​សំបុត្រ​ទូក​នៅ​ចុង​ឃ្នៀ​ស​។

សូមបញ្ជាក់ថា ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន៖ នៅរមណីយដ្ឋានអង្គរ, ប្រាសាទកោះកេរ, និងសំបុត្រទូកនៅក្នុងកំពង់ផែចុងឃ្នៀស។

សម្រាប់តម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃ តម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ តម្លៃ ៧២ដុល្លារ។

គួរបញ្ជាក់ផងដែរថា បើធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០២២ គឺ​ចំនួន​ភ្ញៀវ​ទិញ​សំបុត្រឆ្នាំ២០២៣ បានកើនឡើង ២៥៥,៨២% និង​ចំនួន​ប្រាក់​កើន​ឡើង ៣១២,៣៥%​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)