Register Already an agent ? Login

តំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀងមានចំនួន៩តំបន់ មាន២១៥គម្រោង ទុនវិនិយោគជិត ២ពាន់លានដុល្លារ

ស្វាយរៀង៖ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១,៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួន ៧៥,០៨៦កន្លែង។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសស្ថិតក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួនក្នុងតំបន់សេដ្ឋកិច្ច នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣រួមមាន៖ ១- ត.ស.ព. ស៊ីន បាវិត, ២- ត.ស.ព. ស្វាយរៀង ហ្គីហ្គា រីសស៍ និង ៣- ត.ស.ព. ឈីលូ ជាន ពុ ចាយ ដែលតំបន់ទាំង៣នេះ សរុបមានទុនវិនិយោគចំនួន ៩៧៧លានដុល្លារ ជាមួយនិងគម្រោងវិនិយោគសរុបចំនួន ៦៥គម្រោង កំពុងដំណើរការចំនួន ៤៤គម្រោង និងបានបង្កើតការងារជូនកម្មករនិយោជិតចំនួន ២៣,១៤៣កន្លែង។

ក្នុងឱកាសចុះពិនិត្យតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រមួយចំនួនក្នុងតំបន់ លោក ស៊ុន ចាន់ថុល ក៏បានជួបជជែកដើម្បី ស្ដាប់អំពីបញ្ហាប្រឈមនានាលើកិច្ចការងារវិនិយោគនិងអភិវឌ្ឍន៍ ព្រមទាំងឆ្លៀតឱកាសនេះ ដើម្បីថ្លែងអំណរគុណ ជូនចំពោះអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ ដែលបានសម្រេចចិត្តចូលមកបណ្តាក់ទុន និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់នៅកម្ពុជា បង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា។

លោក បានលើកឡើងថា កិច្ចខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការថែរក្សាឱ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលលើកិច្ចការងារវិនិយោគ និងអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា។

នា​ឱកាសនោះ លោក ស៊ុន ចាន់ថុល បានអំពាវនាវទៅកាន់បណ្ដាក្រុមហ៊ុនវិនិយោគ និងអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្នុងការចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅពន្យល់និងផ្សព្វផ្សាយដោយផ្ទាល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា នៅក្រៅប្រទេស ដើម្បីទាក់ទាញឱ្យមានវិនិយោគិនបន្ថែមទៀតមកកម្ពុជា។

គួរបញ្ជាក់ថា រោងចក្រនៃបណ្តាក្រុមហ៊ុនវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចុះពិនិត្យមានដូចខាងជា៖ ផលិតគ្រឿងសង្ហារិម កែច្នៃនិងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។ ផលិតផលទាំងអស់នេះ នាំចេញទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក កាណាដា វៀតណាម និងក្នុងស្រុកផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)