ភ្នំពេញ៖ វឌ្ឍនភាព គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ សម្រចបាន៩៩% គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើតាមការឱ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។
ស្ថានីយ៍នេះ ត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ៤៦៨ម៉ែត្រគូប ក្នុង១ម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាងបង្ហូរទឹក បូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក។ បើតាមការបន្តរបស់ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រ គូបក្នុង១ថ្ងៃ។
លោក បានបន្តទៀតថា ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (Sewa ge Treatment Plant) មានសមត្ថភាពប្រព្រឹត្តកម្មទឹក កខ្វក់ចំនួន ៥,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ លើផ្ទៃដីទំហំ ៣ហិកតា ក្នុងផ្ទៃបឹងបម្រុងទុក ប្រមាណ១៩ហិកតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងគោលដៅ២០២៥។
សូមរម្លឹកថា គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន បានចុះហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រម ព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។
គម្រោងនេះ បានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ហើយគ្រោង នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងតម្លៃគម្រោងគឺ ២.៣៤០.០០០.០០០ យ៉េនជប៉ុន។
ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯកនេះ បានធ្វើពិធីក្រុងពាលីបើកការដ្ឋាន កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ហើយនៅថ្ងៃទី២២ ខែកុម្ភៈ ២០២២ សម្តេច តេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)