ភ្នំពេញ៖ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា មានកំណើនប្រមាណ ៥,៣% ក្នុងឆ្នាំ ២០២៣ ដែលគាំទ្រដោយការងើបឡើងវិញ នៃវិស័យទេសចរណ៍ និងវិស័យសេវាកម្មនានា។ បើទោះបីជាសន្ទុះនៃកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ នៅល្អក្តី ហានិភ័យចម្បង មួយចំនួនក៏មាននឹងអាចជះឥទ្ធិផលដល់កំណើននេះផងដែរ។ បើតាម លទ្ធផលនៃការវាយតម្លៃរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា សម្រាប់ឆ្នាំ២០២៣និង២០២៤ លោក Davidke Furcer ប្រធានក្រុមបេសកកម្ម Article IV នៃ IMF បានបន្តថា រួមផ្សំនឹងកំណើនប្រសើររឹងមាំនៃការនាំចេញផលិតផលកម្មន្តសាលមិន មែនកាត់ដេរ បើទោះបីជាការនាំចេញផលិតផលកាត់ដេរមានភាពថមថយ ស្របពេលវិស័យសំណង់ និងអចលនទ្រព្យ នៅមានកំណើនយឺតក៏ដោយ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដឹកនាំដោយ លោក អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានការអញ្ជើញចូលរួមពីលោក Jochen M. Schmitmann តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅកម្ពុជា, វៀតណាម និងឡាវ ផងដែរ។
លោក Davidke Furcer បានបន្តទៀតថា អត្រាអតិផរណាត្រូវបានវាយតម្លៃថានឹងថមថយក្នុងអត្រា ២,៣% ជាមធ្យម សម្រាប់ឆ្នាំ២០២៣ ហើយនឹងវិលទៅរកនិន្នាការរយះពេលវែងវិញ ក្នុងអត្រា ៣,០% ក្នុងឆ្នាំ២០២៤ ដោយសារភាពស្រាកស្រាន្តនៃកត្តាតម្លៃទំនិញ។ ចំណែក ឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងរួមតូចមកត្រឹម -២,១% នៃកំណើនផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៣ ដោយសារការថយចុះនូវការនាំចូលមាស ការងើបឡើងវិញនៃរំហូរទេសចរណ៍ និងកំណើនរឹងមាំនៃការនាំចេញ ផលិតកម្មកម្មន្តសាលមិនមែនកាត់ដេរ។
បើទោះបីជាសន្ទុះនៃកំណើនសេដ្ឋកិច្ច ឆ្នាំ២០២៣ នៅល្អក្តី ហានិភ័យចម្បង មួយចំនួនក៏មាននឹងអាចជះឥទ្ធិផលដល់កំណើននេះ ដែលរួមមានដូចជា៖ ១. ភាពកាន់តែថមថយនូវតម្រូវការពីដៃគូ ពាណិជ្ជកម្មប្រទេសអភិវឌ្ឍន៍, ២. ផលជះឥទ្ធិពលនៃភាពថមថយសេដ្ឋកិច្ចចិន, ៣. ឥទ្ធិពលលើសពីការរំពឹងទុកនៃការរឹតបន្ដឹងគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាម៉េរិក, ៤. ការកើនឡើងសម្ពាធបំណុល និង ៥. ការបន្តនូវភាពបែក ខ្ញែកទីតាំងភូមិសាស្ត្រសេដ្ឋកិច្ច-នយោបាយ។ បើតាមការគូសបញ្ជាក់របស់ លោក លោក Davidke Furcer។
នាឱកាសនោះ ក្រុមបេសកកម្ម Article IV ក៏បានផ្តល់អនុសាសន៍វិធានការ និងគោលនយោបាយចាំបាច់មួយចំនួន ជាពិសេសគោលនយោបាយចម្រុះ (policy mix) រវាងគោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុ និង អត្រាប្ដូរប្រាក់ និងការកែទម្រង់ជារចនាសម្ព័ន្ធ (structural reforms)។ ក្នុងន័យនេះ ការដាក់ចេញនិងធានានូវការ អនុវត្តប្រកបដោយប្រសិទ្ធភាព និងតុល្យភាពនៃវិធានការអន្តរាគមន៍ រួមទាំងគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល សំដៅលើកស្ទួយជីវភាពប្រជាជន ក៏ដូចជាសង្គម-សេដ្ឋកិច្ច ខណៈសេដ្ឋកិច្ចហ៊ុមព័ទ្ធទៅដោយហានិភ័យនេះ គឺកាន់តែមាន សារៈសំខាន់សម្រាប់ការបន្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យវិលទៅរកកំណើនសក្តានុពលវិញ។
សម្រាប់រយៈពេលមធ្យមខាងមុខ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងមានកំណើនក្នុងរង្វង់ ៦,៥% ប៉ុន្ត លទ្ធភាពនៃការសម្រេចបាននូវកំណើនសក្តានុពលនេះ គឺចាំបាច់ត្រូវពឹងផ្អែកលើការពង្រឹង និងពន្លឿនការងារកែទម្រង់។
បើតាមកិច្ចប្រជុំនេះ លោក អូនព័ន្ធ មុនីរ័ត្ន បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការវាយតម្លៃ របស់ក្រុមបេសកកម្ម Article IV នៃ IMF លើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ដោយកត់សម្គាល់ពី កម្រិតស្រដៀងគ្នានៃការវាយតម្លៃតួលេខកំណើនជារួម ក្នុងឆ្នាំ២០២៣ និងរយៈពេលមធ្យមខាងមុខ និងបានគូស បញ្ជាក់អំពីបញ្ហាប្រឈម និងហានិភ័យនៃសេដ្ឋកិច្ចសកលនាបច្ចុប្បន្ន និងរយៈពេលខាងមុខ ដែលតម្រូវឱ្យមានការតាម ដានជាប្រចាំ សំដៅឆ្លើយតបទៅនឹងស្ថានភាពប្រែប្រួលយ៉ាងឆាប់រហ័សនេះ។
លោក បានបន្តថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងដើរលើមាគ៌ដ៏សមស្របមួយ តាមរយៈការបន្តដាក់ចេញ និងអនុវត្តវិធានការអន្តរាគមន៍ ក៏ដូចជាគោលនយោបាយគាំទ្រផ្សេងៗយ៉ាងហ្មត់ចត់ សំដៅកាត់បន្ថយផលប៉ះពាល់ដែលនៅបន្សល់ពីវិបត្តិជំងឺកូវីដ-១៩ ផង ក៍ដូចជាហានិភ័យ និង បញ្ហាប្រឈមដែលបណ្តាលមកពីភាពមិនអំណោយផលនៃកត្តាភូមិសាស្ត្រនយោបាយផង ឱ្យសម្រេចបាននូវប្រសិទ្ធភាពក្នុង កម្រិតអតិបរមា សំដៅធានានូវការងើបឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ច។
រាជរដ្ឋាភិបាលក៏កំពុងពង្រឹងគោល នយោបាយសារពើពន្ធ ដោយពង្រឹងប្រសិទ្ធភាពថវិកា ដោយបន្តអនុវត្តកៀរគរចំណូលឱ្យប្រសើរឡើង ពង្រឹងវិស័យ និងប្រសិទ្ធភាពចំណាយ និងបន្តភាពប្រុងប្រយ័ត្នលើការគ្រប់គ្រងបំណុល។ បើតាមការបន្ថែម របស់ លោក អូនព័ន្ធ មុនីរ័ត្ន៕
ដោយ៖ មឿន ឌីណា (Mouen Dyna)