ភ្នំពេញ៖ កម្ពុជា បានក្លាយជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏ធំបំផុតរបស់សាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំ២០២៣នេះ។ បើតាមការបញ្ជាក់របស់ លោក Chang Ho-jin អនុរដ្ឋមន្ត្រីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់ លោក Chang Ho-jin នាជំនួបពិភាក្សាការងារ ជាមួយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
លោក Chang Ho-jin បានរម្លឹកកាលពី១០ឆ្នាំមុន ដែលជាឯកអគ្គរដ្ឋកូរ៉េប្រចាំកម្ពុជា បានកោតសរសើរចំពោះការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់កម្ពុជា ការកើនឡើងនៃចំនួនអគារខ្ពស់ៗ ព្រមទាំងកំណើនក្នុងស្រុកដ៏រឹងមាំ ឆ្លុះបញ្ចាំងពីការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា។
ក្នុងជំនួបនេះ សុខ ចិន្តាសោភា បានលើកឡើង ដោយសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជា និងវេទិការាជ រដ្ឋាភិបាល-ផ្នែកឯកជនប្រចាំឆ្នាំ។ លោក បានគូសបញ្ជាក់ថា សក្តានុពលនៃយន្តការទាំងនេះ នឹងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត។
នាឱកាសនោះ លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និង ប្រជាជននៃសាធារណរដ្ឋកូរ៉េជាមិត្ត ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដែលបានរួមចំណែកដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
បើតាមនជំនួបនេះ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការបញ្ចប់ប្រកបដោយ ជោគជ័យនៃកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-កូរ៉េ លើកទី៥ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដែលបានដាក់ចេញនូវទិសដៅសកម្មភាពថ្មី ដើម្បីបង្កើននិងធ្វើឱ្យស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
ភាគីទាំងពីរ បានពិភាក្សាអំពីវិធានការនានា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឈាន ដល់កម្រិតថ្មីមួយទៀត ពន្លឿនការអនុវត្តគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ និង លើកទឹកចិត្តឱ្យក្រុមហ៊ុនកូរ៉េបន្ថែមទៀតមកបណ្តាក់ទុននៅកម្ពុជា។
ជាពិសេស លើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងផលិតកម្ម ព្រមទាំងសកម្មភាពផ្តល់តម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើបច្ចេកវិទ្យា ទំនើបរបស់កូរ៉េ។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរទស្សនកិច្ចកម្រិត ខ្ពស់ជាញឹកញាប់ ដែលការណ៍នេះនឹងបញ្ជូនសញ្ញាលើកទឹកចិត្តដល់វិស័យឯកជន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)