ភ្នំពេញ៖ អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ជំពូកទី៤ អាករលើតម្លៃបន្ថែម ត្រូវអនុវត្តលើការផ្គត់ផ្គង់ជាប់អាករនូវទំនិញឬសេវានៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទំនិញ សំដៅដល់ទ្រព្យរូបីក្រៅពីដីធ្លីនិងប្រាក់កាស ដោយឡែក សេវាសំដៅដល់ការផ្គត់ផ្គង់អ្វីមួយដែលមានតម្លៃក្រៅពីទំនិញ ដីធ្លី និងប្រាក់កាស។
ជាមួយគ្នានេះ ត្រង់ មាត្រា៦៣ នៃច្បាប់នេះ ក៏បានកំណត់ពីការផ្គត់ផ្គង់មិនជាប់អាករលើទំនិញឬសេវាមួយចំនួន រួមមាន៖
១- សេវាសិក្សាអប់រំ
២- សេវាប្រៃសណីយ៍សាធារណៈ
៣- សេវារបស់មន្ទីរពេទ្យនិងគ្លីនិក សេវាខាងវេជ្ជសាស្ត្រនិងទន្តសាស្ត្រ និងការលក់ទំនិញបន្ទាប់បន្សំខាង វេជ្ជសាស្ត្រនិងទន្តសាស្ត្រដែលទាក់ទិននឹងការបំពេញសេវាទាំងនេះ
៤- សេវាដឹកជញ្ជូនអ្នកដំណើរដោយប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលជាកម្មសិទ្ធិទាំងស្រុងរបស់រដ្ឋ
៥- សេវាធានារ៉ាប់រង
៦- ការផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការផ្គត់ផ្គង់ទឹកស្អាត
៧- ផលិតផលកសិកម្មមិនទាន់កែច្នៃផលិតក្នុងស្រុក
៨- សេវាប្រមូលសំរាមនិងកាកសំណល់រឹងឬរាវ
៩- សេវាជាមូលដ្ឋានខាងហិរញ្ញវត្ថុ
១០- ការនាំចូលសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនដែលរួចពន្ធគយ និង
១១- សកម្មភាពមិនស្វែងរកប្រាក់ចំណេញដើម្បីបម្រើផលប្រយោជន៍សាធារណៈ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)