Register Already an agent ? Login

ក្រុមហ៊ុន Minebea នឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ លោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន Minebea បានសន្យាចំពោះមុខ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជាថា ក្រុមហ៊ុន នឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើង ជាពិសេសគ្រឿងអគ្គិសនីតាមដងផ្លូវ នាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma ចូលជួបសំដែងការគួរសម នៅវិមាន៧មករា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ រាជធានីភ្នំពេញ ដើម្បីរាយការណ៍ពីវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅកម្ពុជា។ សម្តេចតេជោ ក៏បានស្នើឱ្យក្រុមហ៊ុន លើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន រយៈពេល១២ឆ្នាំកន្លងមក ដែលបានវិនិយោគនៅកម្ពុជា។

លោក អគ្គនាយកក្រុមហ៊ុន បានមានប្រសាសន៍ ដោយគោរពកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ពិសេសទៅទៀតនោះ សម្តេចផ្ទាល់គឺជាឆ្មបបង្កើតក្រុមហ៊ុន Minebea នៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ។

លោក Yoshihisa Kainuma បានរាយការណ៍ជូន សម្តេចតេជោ ឱ្យដឹងថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវផលិតផលថ្មីជាច្រើនដើម្បីបម្រើឱ្យសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងនោះផលិតផលអេឡិចត្រូនិក គឺជាផលិតផលថ្មីរបស់ក្រុមហ៊ុនដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តជាតិ។ លោក ក៏បានលើកឡើងអំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឱ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។

នាឱកាសនោះ លោក បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមធិបតី ហ៊ុន ម៉ាណែត ក្រុមហ៊ុននឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឱ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្តុំប្រភពទុនលើការវិនិយោគអំពូលភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

ក្រុមហ៊ុន Minebea នៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣លានដុល្លារ រហូតបានកើនដល់ ៦០០លានដុល្លារ ការសម្រេចចិត្តពង្រីកការវិនិយោគនេះ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា។ បើតាមការលើកឡើងរបស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានទទួលជួប លោក Yoshihisa Kainuma បន្ទាប់ពីបញ្ចប់ជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន រួចមក។

នាជំនួបនេះ ថ្ងៃខែឆ្នាំដដែល សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minebea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត ព្រមជាមួយនឹងការសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minebea ពីព្រោះជោគជ័យរបស់ Minebea ក៏ជាជោគជ័យរបស់កម្ពុជាដូចគ្នា៕

ដោយ៖ មឿន ឌីណា (Moeun Dyna)