Register Already an agent ? Login

ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងរង្វង់ ៣,០%

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០២៤ កំណើនសេដ្ឋកិច្ចសកលត្រូវបានព្យាករថា នឹងបន្តងើបឡើងក្នុងរង្វង់ ៣,០% ដោយសារការរំពឹងទុកនូវភាពស្រាកស្រាន្តបន្តិចម្ដងៗ និងការបន្សំជាបណ្តើរៗ ជាមួយនឹងឥទ្ធិពលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងសម្ពាធអតិផរណាដែលនឹងធ្វើឱ្យថ្លៃទំនិញសកលមានការថមថយ ស្របនឹងការចាកចេញពីវិបត្តិជំងឺក្តី-១៩។ បើតាម ក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

បើតាមសេចក្តីព្រាងច្បាប់ខាងលើ បានបន្តថា ប៉ុន្ដែ អត្រាកំណើននេះ គឺនៅទាបជាងកំណើនសក្តានុពលនៅឡើយ ហើយសេដ្ឋកិច្ចសកលបន្តប្រឈមនឹងហានិភ័យ ចម្បងៗផ្សេងទៀត រួមមាន៖ ការបន្តកើនឡើងនូវបំណុលសាធារណៈជាសកល, សម្ពាធក្នុងវិស័យហិរញ្ញវត្ថុ និងអតិផរណា, ផលប៉ះពាល់ជាអវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ រវាងប្រទេសមហាអំណាចកាន់តែមានលក្ខណះស្រួចស្រាល់, សង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា, និងចរន្តគាំពារនិយម ដែលកំពុងធ្វើឱ្យសណ្តាប់ធ្នាប់សកលកាន់តែស្មុគស្មាញ និងបង្កើននូវអស្ថិរភាពដល់ប្រព័ន្ធពាណិជ្ជកម្មសកល។

ជាលទ្ធផល និន្នាការទាំងនេះត្រូវបានវាយតម្លៃថានឹងពន្លឿនការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ចសកល។ ដោយឡែក ន្នាការវិជ្ជមានមួយចំនួនក៏អាចផ្ដល់កាលានុវត្តភាព សម្រាប់ការរួមចំណែកជំរុញចលនការសេដ្ឋកិច្ចសកលឱ្យងើបឡើងវិញលឿន ដូចជា ការចាប់យកប្រយោជន៍ពីការវិវត្តយ៉ាងឆាប់រហ័សនៃបរិវត្តកម្មឌីជីថល និងឌីជីថលូបនីយកម្មក្នុងវិស័យ សង្គម និងវិស័យសេដ្ឋកិច្ច ការជំរុញការធ្វើអន្តរកាលថាមពល (Energy Transition), ការបង្កើនវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធបៃតង និងឌីជីថល, ការពង្រឹងប្រព័ន្ធគាំពារសង្គម, ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការបង្កើន ហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ ជាដើម។

ក្នុងក្របខណ្ឌសកល សម្រាប់ឆ្នាំ២០២២ និង ២០២៣ ពិភពលោកបាននិងកំពុងហ៊ុមព័ទ្ធដោយបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់ បើទោះបីជាមានភាពស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ ក្តី។ សេដ្ឋកិច្ចសកល ត្រូវបានប៉ាន់ស្មានក្នុងអត្រាកំណើនយឺត ពោលគឺ ៣,៤% សម្រាប់ឆ្នាំ២០២២ និង ២,៨% សម្រាប់ឆ្នាំ២០២៣ ដែលអត្រាកំណើននេះ ទាបជាងកំណើន ជាមធ្យមប្រចាំឆ្នាំប្រមាណ ៣,៨% ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ដោយសារការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានបង្កឱ្យមានបច្ច័យអវិជ្ជមានមកលើកំណើនសេដ្ឋកិច្ច, ការកើនឡើង សម្ពាធអតិផរណា, វិបត្តិថាមពល និងការបន្តកើនឡើងអត្រាការប្រាក់ ដែលដាក់សម្ពាធដល់បណ្តាប្រទេសអភិវឌ្ឍន៍ និងជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

សមិទ្ធផលសេដ្ឋកិច្ចឆ្នាំ២០២២

ក្នុងឆ្នាំ២០២២ សេដ្ឋកិច្ចសកលនៅបន្តរក្សាបានកំណើនវិជ្ជមាន ក្នុងអត្រាប្រមាណ ៣,៤% ។ យ៉ាងណាមិញ សន្ទុះកំណើនមានការថមថយធៀបនឹងឆ្នាំ២០២១ ដោយសារការផ្ទុះឡើង និងបន្តអូសបន្លាយនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យមានការលេចចេញនូវនិន្នាការអវិជ្ជមានមួយចំនួន រួមមាន ការកើនឡើងសម្ពាធអតិផរណាលឿន និងយ៉ាងគំហុក និងការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុ ព្រមទាំងការបន្តដាក់ចេញនូវគោលនយោបាយគ្មានកូវីដ (Zero Covid Policy) របស់ប្រទេសចិន។

បើទោះបីសេដ្ឋកិច្ចសកល និងតំបន់ប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្តី សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ បានបន្តងើបឡើងវិញលឿនក្នុងអត្រាកំណើន ៥,២% ពីកំណើន ៣,០% ក្នុងឆ្នាំ ២០២១ ដែលទ្រទ្រង់ដោយកំណើនរឹងមាំនៃវិស័យឧស្សាហកម្ម (កាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ និងការងើបឡើងវិញលឿនជាងការរំពឹង ទុកនៃវិស័យទេសចរណ៍ និងសេវាកម្មគាំទ្រដោយសារភាពល្អប្រសើរនៃតម្រូវការខាងក្រៅ និងការវិលត្រឡប់ទៅរក ប្រក្រតីភាពឡើងវិញនៃការធ្វើដំណើរក្នុងស្រុក តំបន់ និងសកល។

វិស័យឧស្សាហកម្ម បន្តសម្រេចបានកំណើនល្អ ប្រសើរក្នុងអត្រា ៨,៣% ទ្រទ្រង់ដោយកំណើនរឹងមាំនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែល អនុវិស័យសំណង់នៅបន្តមានកំណើនទាប ។ វិស័យសេវាកម្ម ងើបឡើងវិញក្នុងអត្រាកំណើន ៤,៦% ទ្រទ្រង់មួយផ្នែកធំដោយការងើបឡើងវិញលឿនជាងការរំពឹងទុកនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន (វិស័យទេសចរណ៍)។ វិស័យកសិកម្ម នៅបន្តរក្សាបានកំណើនវិជ្ជមានក្នុងអត្រា ០,៧% បន្តគាំទ្រដោយអនុវិស័យចិញ្ចឹមសត្វ, អនុវិស័យដំណាំ (ដំឡូងមី និងពោត) និងការងើបឡើងវិញនៃអនុវិស័យនេសាទ។ កំណើនទាបនៃវិស័យនេះ មួយផ្នែកធំបណ្តាលមកពី ការកើនឡើងថ្លៃធាតុចូលកសិកម្ម និងការអនុវត្តគោលនយោបាយគ្មានកូវីដ-១៩ របស់ចិន។

ទន្ទឹមនេះ ស្ថានភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់។ ជាក់ស្ដែង ការប្រមូលចំណូលក្នុងស្រុកសម្រាប់ឆ្នាំ២០២២ (តួលេខបណ្តោះអាសន្ន សម្រេចបានប្រមាណ ២៣,០៩% នៃផសស ពោលគឺមានការកើនឡើង ប្រមាណ ២,៤ពិន្ទុ% នៃផសស ធៀបនឹងលទ្ធផលឆ្នាំ២០២១ ដោយសារការងើបឡើងវិញលឿននៃសកម្មភាពសេដ្ឋកិច្ច ទាំងផលិតកម្មក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការពង្រឹងអនុលោមភាពអ្នកជាប់ពន្ធ និងការបង្ក្រាបការគេចវេសកាតព្វកិច្ចពន្ធ ក៏ដូចជាការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធសារពើពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)