ភ្នំពេញ៖ លោក Chen Hongguo ប្រធានប្រតិភូវិនិយោគិននៃក្រុមហ៊ុន Chenming Group របស់ចិន កំពុងធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីស្វែងរកកលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង១០ នៅលើពិភពលោក។
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Chen Hongguo ប្រធានប្រតិភូវិនិយោគិននៃក្រុមហ៊ុន Chenming Group ប្រទេសចិន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
អគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ប្រតិភូវិនិយោគិន និងបានជម្រាបជូនអំពីសក្តានុពលវិនិយោគ និងក្រប ខណ្ឌគតិយុត្តវិនិយោគនៅកម្ពុជាដែលមានលក្ខណៈអំណោយផល បើកទូលាយ និងមានភាពទាក់ទាញ សម្រាប់វិនិយោគិនលើគ្រប់វិស័យ ក្រោមកត្តាសុខសន្តិភាព និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឃ្លៀសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា។
នាឱកាសនោះ អគ្គលេខាធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរ វិនិយោគក្នុងវិស័យដែលគាំទ្រដល់ការថែរក្សាបរិស្ថាន អព្យាក្រឹតនៃកាបូន និងថាមពលបៃតង។ លោក បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់និងផ្តល់ការលើកទឹកចិត្តយ៉ាងខ្លាំងចំពោះវិស័យនេះ។
នៅក្នុងជំនួបនោះ លោក Chen Hongguo បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរីកចម្រើនរបស់កម្ពុជា និងមានទំនុកចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ លោកប្រធានប្រតិភូ បានឱ្យដឹងថា ក្រុមហ៊ុន Chenming Group គឺជាក្រុមហ៊ុនឈានមុខគេទី១ លើកម្មន្តសាលផលិតក្រដាស និងឧស្សាហកម្មឈើដាំនៅចិន ដោយបានបញ្ជាក់ថា ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗទាំង១០ នៅលើពិភពលោកនៅក្នុងវិស័យនេះ។
តាមរយៈការបង្ហាញនូវឆន្ទៈយ៉ាងមុតមាំ និងសុទិដ្ឋិនិយមរបស់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា អគ្គលេខាធិការ បានសម្តែងការស្វាគមន៍ និងសង្ឃឹមយ៉ាងមុតមាំចំពោះវត្តមានវិនិយោគ របស់ក្រុមហ៊ុន Chenming Group នៅព្រះរាជាណាចក្រកម្ពុជា នាពេលដ៍ខ្លីខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)