ភ្នំពេញ៖ បន្ទាប់ពីការលើកឡើង អំពីទិដ្ឋភាពជារួមនៃស្ថានភាពសេដ្ឋកិច្ចនិងវិនិយោគនៅប្រទេសកម្ពុជា ដោយ នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី មានក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុប បានបង្ហាញពីចំណាប់អារម្មណ៍មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា។
លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ដែលមានចំនួនប្រមាណ ៤០រូប នៅសណ្ឋាគារ Courtyard by Marriot ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា អំពីកិច្ចការដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបាននិងកំពុងអនុវត្ត និងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។
ជំនួបពិភាក្សានេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការរង បានជម្រាបជូនដោយសង្ខេបអំពីទិដ្ឋភាពជារួមនៃស្ថានភាពសេដ្ឋកិច្ចនិងវិនិយោគនៅប្រទេសកម្ពុជា ដោយបានលើកឡើងពីតួនាទីនិងរចនាសម្ព័ន្ធនៃ ក.អ.ក., ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពបើកចំហ, តម្លាភាព និងភាពប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងមានប្រព័ន្ធលើកទឹកចិត្តដ៏វៃឆ្លាតនិងអំណោយផល, វិស័យអទិភាព, ការធានានិងការពារវិនិយោគ, សេវាថែទាំវិនិយោគ និងយន្តការដោះស្រាយវិវាទជាដើម។
នាឱកាសនោះ លោក ក៏បានលើកឡើងពីកិច្ចការផ្សេងៗដែល ក.អ.ក. បាននិងកំពុងអនុវត្តដើម្បីជំរុញការទាក់ទាញវិនិយោគ ដូចជា៖ ការដាក់ឱ្យដំណើរការតុវិនិយោគសម្រាប់វិនិយោគិនអឺរ៉ុប, ជប៉ុន, ចិន និងកូរ៉េ ព្រមទាំងតុវិនិយោគកសិ-ចំណីអាហារ, ការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្តនិងអេឡិចត្រូនិកកម្ពុជា ព្រមទាំងបានលើកឡើងពីស្ថានភាពទូទៅ នៃការវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០២៣នេះ។
បន្ទាប់ពីការឡើងសង្ខេបអំពីទិដ្ឋភាពជារួមនៃស្ថានភាពសេដ្ឋកិច្ចនិងវិនិយោគនៅប្រទេសកម្ពុជា ដោយ នុត អ៊ុនវ័ណរ៉ា មានក្រុមហ៊ុនធំៗរបស់សហភាពអឺរ៉ុបមួយចំនួន ដែលបានបង្ហាញពីចំណាប់អារម្មណ៍មកសិក្សាស្វែងយល់ពីលទ្ធភាពបណ្ដាក់ទុន និងពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ក្នុងនោះមានដូចជា ក្រុមហ៊ុន Airbus, ក្រុមហ៊ុន DHL, ក្រុមហ៊ុន Roche និងក្រុមហ៊ុន Lidl & Kaufland ជាដើម។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ជាស្ថាប័នតំណាងឱ្យសម្លេងរបស់ធុរជនអឺរ៉ុបនៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងសហភាពអឺរ៉ុប និងតំបន់អាស៊ាន។ សមាជិករបស់ក្រុមប្រឹក្សានេះ រួមមានក្រុមហ៊ុននាំមុខក្នុងវិស័យហិរញ្ញវត្ថុ, ភស្តុភារកម្ម, បច្ចេកវិទ្យា, កសិកម្ម, ប្រេង និងឧស្ម័ន, ថែទាំសុខភាព ព្រមទាំង ចំណីអាហារនិងភេសជ្ជៈ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)