ភ្នំពេញ៖ ប្រទេសក្នុងតំបន់អាស៊ាន ប្រទេសសិង្ហបុរីនិងឥណ្ឌូណេស៊ី ជាប្រទេសដែលមានក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុច្រើនជាងគេរហូតដល់ ៥០% ខណៈ ប្រទេសកម្ពុជាមានតែ ៤%ប៉ុណ្ណោះ ដែលនៅពីក្រោយ ម៉ាឡេស៊ី ១១%, ថៃ ១០%, ហ្វីលីពីន ៧% ចំណែក វៀតណាម ៣% និង មីយ៉ាន់ម៉ា ១%។ ចំណែក ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុចំនួន ១៨% ទៀត ជាក្រុមហ៊ុនដែលមកពីប្រទេសផ្សេង មិនស្ថិតក្នុងតំបន់អាស៊ាន។
នេះយោងតាមការសិក្សាមួយ របស់មជ្ឈមណ្ឌលខេមប្រ៊ីជសម្រាប់ហិរញ្ញវត្ថុជំនួស (Cambridge Centre for Alternative Finance – CCAF), វិទ្យាស្ថានធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank Institute – ADBI) និង ហ្វីនតិចស្បស (FinTech Space) ដែលបានធ្វើឡើងនៅឆ្នាំ ២០១៩ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុដែលកំពុងធ្វើប្រតិបត្តិការក្នុងតំបន់អាស៊ាន។ បើតាមគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ បានលើកឡើង។
គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ បានលើកឡើងបន្តថា ជាការវាយតម្លៃទូទៅ កម្រិតនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងបរិការណ៍តំបន់ និង សកលមានការប្រែប្រួល និងលក្ខណៈខុសៗគ្នា។ យោងតាមរបាយការណ៍ស្តីពី “ការធ្វើចំណាត់ថ្នាក់សន្ទស្សន៍បច្ចេកវិទ្យា ហិរញ្ញវត្ថុសកល” ឆ្នាំ២០២១ ប្រទេសចំនួន៥ ដែលមានការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុខ្លាំងក្នុងសកលលោក គឺ សហរដ្ឋអាម៉េរិក, ចក្រភពអង់គ្លេស, អ៊ីស្រាអែល, សិង្ហបុរី និងស្វីស។
ទោះបីជាសកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុមានការកើនឡើងទូទាំងសកលលោក និងតំបន់ក៏ពិតមែន បើយោងតាមរបាយការណ៍របស់ហ្គូហ្គល (Google), តាម៉ាសេក (Tamasek) និងបេនអេនខមផេននី (Bain & Company) ឆ្នាំ២០២២ សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមាន ភាពលេចធ្លោក្នុងតំបន់អាស៊ានមានចំនួន៥ គឺ៖ ១-ការទូទាត់សងប្រាក់ឌីជីថល, ២-ការវិនិយោគ, ៣-ការផ្ដល់ប្រាក់កម្ចីឌីជីថល ៤-ការផ្ទេរប្រាក់ និង ៥-បច្ចេកវិទ្យាធានារ៉ាប់រង។
គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ បានបន្ថែមថា បច្ចេកវិទ្យាហិរញ្ញវត្ថុ បាននិងកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យោងតាមទិន្នន័យរបស់សមាគមមូលធនឯកជនសកល (Global Private CapitalAssociation—GPCA) ទំហំវិនិយោគលើបច្ចេកវិទ្យាក្នុងតំបន់អាស៊ានមានការកើនឡើងពី ៤,២ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០១៧ ដល់ ១២,៩ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០២២ ដែលក្នុងនោះ ទំហំវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុបានកើនឡើងយ៉ាងគំហុករហូតដល់ ៤,១ប៊ីលានដុល្លារអាម៉េរិក។
ក្នុងចរន្តសកលភាវូបនីយកម្ម និងតំបន់ភាវូបនីយកម្មឌីជីថល ក៏ដូចជាចលនាបរិវត្តកម្មឌីជីថល ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ជារបៀបវារៈគោលនយោបាយអាទិភាពមួយសម្រាប់ឆ្លើយតបទៅនឹង បដិវត្តន៍ឧស្សាហកម្មទី៤ និងការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិនាពេលអនាគត។ ជាមួយគ្នានេះដែរ សម្រាប់កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តនូវក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលក្នុងនោះបច្ចេកវិទ្យាហិរញ្ញវត្ថុក៏ត្រូវបានចាត់ទុក ជាយុទ្ធសាស្ត្រអាទិភាពមួយនៃការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលទាមទារឱ្យមានការគិតគូរបន្ថែម។
ឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ក៏ដូចជាដើម្បីដោះស្រាយបញ្ហាប្រឈមរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍបច្ចកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដោយកំណត់នូវចក្ខុវិស័យរយៈពេលវែងនៃការអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា គឺ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ, ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសន្ទុះ នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើក៕
ដោយ៖ មឿន ឌីណា (Moeun Dyna)