Register Already an agent ? Login

មន្ទីរពេទ្យ «តេជោសន្តិភាព» ធំជាងគេនៅកម្ពុជា ក្នុងក្រុងភ្នំពេញបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

ភ្នំពេញ៖ មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបបតីភាព ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបបតីភាព នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។

មន្ទីរពេទ្យ «តេជោសន្តិភាព» បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។

មន្ទីរពេទ្យជាតិ តេជោសន្តិភាព នឹងទទួលបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព ខណៈមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា អាចដាក់គ្រែអ្នកជំងឺបានរហូតដល់ជិត ១ម៉ឺនគ្រែ។ បើតាមការថ្លែងរបស់ សម្តេចធិបតី បានបន្តថា ការដាក់ឱ្យប្រើប្រាស់នូវ មន្ទីរពេទ្យជាតិ តេជោសន្តិភាព នាពេលនេះគឺជាការដោះស្រាយសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋគ្រប់ពហុព្យាបាល ហើយមន្ទីរពេទ្យនេះ ក៏ជាការជួយរែកពុនដល់មន្ទីរពេទ្យផ្សេងៗផងដែរ។

ការរៀបចំ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» នាពេលនេះ គឺជាយុទ្ធសាស្រ្ដយូរអង្វែងរបស់រាជរដ្ឋាភិបាល និងជាកន្លែងជួយរែកពុននូវការចាំបាច់ណាមួយដែលកម្ពុជាជួបប្រទះ ដូចជាករណីជំងឺកូវីដ-១៩ជាដើម ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន។ បើតាមការបន្តរបស់ សម្តេចធិបតី បានគូសបញ្ជាក់ថា ការសម្ពោធ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»នាពេលនេះ មិនមែនសម្រាប់តែបម្រើដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនឹងបម្រើដល់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់នៅទូទាំងប្រទេស រួមទាំងជនជាតិបរទេសដែលកំពុងរស់នៅកម្ពុជាផងដែរ។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងបន្តទៀតថា ការវិនិយោគទៅលើការអប់រំ និងសុខាភិបាល នូវតែជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ពីព្រោះប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគឺអាស្រ័យលើធនធានមនុស្ស ហើយធនធានមនុស្សដែលមានគុណភាព មានផលិតភាព គឺជាធនធានមនុស្សដែលមានសុខភាពល្អ។ នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានជូនពរពលរដ្ឋកម្ពុជាទាំងអស់ សូមមានសុខភាពល្អគ្រប់ៗគ្នា។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា ពលរដ្ឋដែលបានប្រើប្រាស់មូលនិធិសមធម៌កន្លងមកមានជាង ១៤លានករណី ដែលបានប្រើប្រាស់បណ្ណសមធម៌ ឬបណ្ណក្រីក្រ ដើម្បីទទួលបានសេវាព្យាបាលនៅតាម គ្រឹះស្ថានសុខាភិបាលនានា ដោយមិនចាំបាច់បង់ប្រាក់។

រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ នឹងពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការពង្រឹងសមត្ថភាពគ្រូពេទ្យ ពង្រាយបុគ្គលិកពេទ្យដែលមានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ទៅដល់គ្រប់មូលដ្ឋានភូមិ ឃុំ។ បើតាមការថ្លែងបញ្ចាក់ សម្ដេចធិបតី ក៏បានស្នើដល់គ្រូពេទ្យនៅតាមតំបន់នានា ត្រូវបង្កើនសមត្ថភាពនៅក្នុងការព្យាបាលជំងឺជូនពលរដ្ឋ ដើម្បីកុំឱ្យពិបាកដឹកមកភ្នំពេញ ជាពិសេសករណីជំងឺធ្ងន់ធ្ងរដែលទាមទារការសង្គ្រោះបន្ទាន់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)