ភ្នំពេញ៖ គោលនយោបាយឈ្នះ-ឈ្នះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាប្រមាណ ៧% ជាមធ្យមក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះប្រកបដោយចីរភាព បរិយាបន្ន ភាពធន់ នឹងវិបត្តិ និង សមធម៌។ ការណ៍នេះបានធ្វើឱ្យកម្ពុជាសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ ហើយត្រូវបានចាត់ទុកជាខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ីនៅឆ្នាំ២០១៦។
ទោះបីការរីករាលដាលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ក្នុងកំណើនអវិជ្ជមាន -៣,១% នៅឆ្នាំ២០២០ សេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញយ៉ាងឆាប់រហ័សជាមួយនឹងកំណើន ៣% នៅឆ្នាំ២០២១ ព្រមទាំងត្រូវបានប៉ាន់ប្រមាណថា មានកំណើន ៥,២% នៅឆ្នាំ២០២២។ បើតាមគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហរិញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។
រាជរដ្ឋាភិបាល រំពឹងថានឹងមានកំណើន ៥,៦% នៅឆ្នាំ២០២៣ ដោយសាររាជរដ្ឋាភិបាលបានឆ្លើយតបទាន់ពេល ក្នុងស្មារតីបុរេសកម្ម តាមរយៈការប្រើប្រាស់ «យុទ្ធសាស្ត្រផ្ការីក» ដើម្បីធ្វើជាយុទ្ធនាការចាក់វ៉ាក់សាំងបង្កើត ភាពស៊ាំសហគមន៍ ក៏ដូចជាការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត គន្លឹះៗពាក់ព័ន្ធផ្សេងទៀត ដើម្បីគាំទ្រដល់ការស្តារ និង ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអំឡុង និងក្រោយវិបត្តិសុខភាពសកលនេះ។
សមិទ្ធផលសម្រេចបានខាងលើ បាននិងកំពុងលើកទឹកចិត្តរាជរដ្ឋាភិបាលឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងនិងសម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឃឹម ភាពជឿជាក់ និងឆន្ទៈមោះមុតក្នុងការសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ក្រោមបាវចនា “ក្ដាប់មកវិញនូវមោទនភាពជាតិ កសាងជាតិដ៏រស់រវើក”។
ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យទាំងនេះ រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមកម្ពុជាទាំងមូល ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និង ការផ្លាស់ប្ដូរនិម្មាបនកម្មសេដ្ឋកិច្ច នាពេលអនាគតដោយបានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលមានចក្ខុវិស័យ កសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គមទាំងរដ្ឋពលរដ្ឋនិងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មីនិងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លងប្រក្រតីភាពថ្មីៗ។
ក្របខណ្ឌគោលនយោបាយនេះ ជាមាគ៌ាគោលនយោបាយរួមរបស់រាជរដ្ឋាភិបាលក្នុងការធ្វើបរិវត្តកម្មឌីជីថល ទៅក្នុងគ្រប់វិស័យនៃសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ដែលរួមបញ្ចូលនូវការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យ ហិរញ្ញវត្ថុ ដើម្បីបំពេញបន្ថែមទៅលើគោលនយោបាយដែលគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ សម្ដៅតម្រង់ទិសដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចថ្មី, លើកកម្ពស់សុខុមាលភាពរបស់អ្នកប្រើប្រាស់នៃសង្គមឆ្លាត ក៏ដូចជាបង្កើន ផលិតភាព ពិពិធភាព និងប្រសិទ្ធភាពនៃវិស័យផ្សេងទៀត តាមរយៈការជួយលើកកម្ពស់ការទទួលបាន និង ការប្រើប្រាស់សេវា និង ផលិតផលហិរញ្ញវត្ថុប្រកបដោយគុណភាព, ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងការជំរុញការអភិវឌ្ឍ និងនវានុវត្តន៍ឧស្សាហកម្មហិរញ្ញវត្ថុ។
ឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជាស្របតាមបទពិសោធ និងនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងតំបន់និងពិភពលោក ដែលមាន សមានគតិភាពជាមួយនឹងស្ថានភាពកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដែលមានចក្ខុវិស័យរយៈពេលវែង «អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពវិស័យហិរញ្ញវត្ថុ និង ការជំរុញ នវានុវត្តន៍ហិរញ្ញវត្ថុ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបវិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ និងផ្តល់ កាលានុវត្តភាពដល់គ្រប់តួអង្គ សំដៅរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដ៏រស់រវើក»។
ក្នុងន័យនេះ ការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ ត្រូវផ្សារភ្ជាប់ជាមួយនឹងការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យឱ្យស្ថិតក្នុងកម្រិតអប្បបរមា។ ក្នុងដំណាក់កាល ប្រែប្រួលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ក្នុងរយៈពេលមធ្យម គោលនយោបាយនេះនឹងចូលរួមគាំទ “កម្មវិធីនយោបាយ” របស់រាជរដ្ឋាភិបាលក្នុងរយៈពេល ៥ឆ្នាំទៅមុខ សម្រាប់ដំណើរផ្លាស់ប្ដូរស៊ីជម្រៅរបស់កម្ពុជា ឈានទៅសម្រេចបាននូវ “ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០”។
ដើម្បីធានាបាននូវភាពជោគជ័យនៃការអនុវត្ត គោលនយោបាយនេះ ក្រសួង-ស្ថាប័នទទួលបន្ទុកអនុវត្តវិធានការគោលនយោបាយ ត្រូវចូលរួមឱ្យបានពេញលេញ សហការគ្នាជាធ្លុងមួយ ដោយមានការសម្របសម្រួល និង ការពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការ អន្តរស្ថាប័ន ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្មបំផុត សហថាមពល និងសហការទទួលខុសត្រូវខ្ពស់ក្នុងស្មារតីអភិក្រមរដ្ឋាភិបាលទាំងមូល និង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)