ភ្នំពេញ៖ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ប្រទេសឥណ្ឌូនេស៊ី គឺជាដៃគូពាណិជ្ជកម្មធំទី៦របស់កម្ពុជា ខណៈ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៨០៨.០៧លានដុល្លារ កើន ១៨,៦% បើធៀបទៅនឹងឆ្នាំ២០២២ សម្រេចបាន ៦៨១.២៥លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ប្រទេសនាំមុខមាន ចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជានាំទៅឥណ្ឌូនេស៊ីចំនួន ៣៧.១២លានដុល្លារ កើនឡើង ៤១,៨% ខណៈ ឥណ្ឌូនេស៊ីនាំមកកម្ពុជា ៧៧០.៤៥លានដុល្លារ កើន ១៧,៧%។ បើតាមការបន្តរបស់ គ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបន្តទៀតថា សម្រាប់ខែកញ្ញា ឆ្នាំ២០២៣ គឺមានចំនួន ៦៦លានដុល្លារ កើន ២០,៩៨% បើនឹងធៀបខែកញ្ញា ឆ្នាំ២០២២ មានចំនួន ៥៤.៥៥លានដុល្លារ។
គូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី មានទឹកប្រាក់សរុប ៩៤៨.៥៣លានដុល្លារ កើន ៤៨,៣% ដែលឆ្នាំ២០២១ មានចំនួន ៦៣៩.៧២លានដុល្លារ ក្នុងនោះទំនិញនាំពីប្រទេសកម្ពុជាទៅឥណ្ឌូនេស៊ីចំនួន ៣៦.៨៣៩លានដុល្លារ កើន ១៥,៩% រីឯ ឥណ្ឌូនេស៊ីមកកម្ពុជា ចំនួន ៩១១.៦៩លានដុល្លារ កើន ៥០%។
ក្នុងនាមជាប្រទេសសមាជិកអាស៊ានតែមួយ និងមានកិច្ចសហប្រតិបត្តិការល្អផ្នែកនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងការចូលជាធរមានកិច្ចព្រមព្រៀងសេដ្ឋកិច្ចតំបន់ RCEP បានធ្វើឱ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរ កើនឡើងជាបន្តបន្ទាប់។ បើតាមការលើកឡើងរបស់ លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។
លោក បានគូសបញ្ជាក់ថា ទោះបីយ៉ាងណាបើគេពិនិត្យលើចំនួនទឹកប្រាក់ដែលឥណ្ឌូនេស៊ីនាំទំនិញមកកម្ពុជា គឺមានលើសលប់ច្រើនដែលបញ្ហានេះ គឺដោយសារឥណ្ឌូនេស៊ីជាប្រទេសមានប្រជាជនច្រើន និងរោងចក្រ/សហគ្រាសច្រើន ដូច្នេះសមត្ថភាពផលិត និងនាំចេញរបស់គេក៏ខ្លាំងជាងកម្ពុជាដែរ។
ភាពវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគីគឺជារឿងល្អហើយ ប៉ុន្តែ អ្វីដែលកម្ពុជាត្រូវខិតខំថែមទៀតនោះ គឺការលើកកម្ពស់សមត្ថភាពនាំចេញរបស់ខ្លួនទៅគ្រប់គោលដៅឱ្យបានកាន់តែច្រើន។ បើតាមការបន្តរបស់ លោក លឹម ហេង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)