ភ្នំពេញ៖ នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group បន្ទាប់ពីទទួលបានការពន្យល់បង្ហាញទិដ្ឋភាពនៃការវិនិយោគនៅកម្ពុជាពី លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញចំណាប់អារម្មណ៍លើវិស័យ ធំៗបីនៅប្រទេសកម្ពុជារួមមាន វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អចលនទ្រព្យ និងកសិឧស្សាហកម្មជាដើម។
ការបង្ហាញចំណាប់អារម្មណ៍លើវិស័យធំៗទាំង៣ នៅកម្ពុជារបស់នាយកប្រតិបត្តិក្រុមហ៊ុន Yuexiu Group នាជំនួបពិភាក្សាការងារធ្វើឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅសាធារណរដ្ឋប្រជាមានិតចិន ខណៈ ក្រុមហ៊ុននេះ ធ្លាប់បានវិនិយោគកន្លងមកនៅកម្ពុជា រួមមាន៖ សណ្ឋាគារ អគារពាណិជ្ជកម្ម អគារស្នាក់នៅ ធនាគារ វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងវិស័យកសិឧស្សាហកម្មជាដើម។
បើតាមជំនួបនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីបរិយាកាសវិនិយោគនៅកម្ពុជារួមមាន មានអំពីការរីកចម្រើនថ្មីៗ និងសក្តានុពលសម្រាប់ការវិនិយោគនៅកម្ពុជា ដោយគិតចេញពីកត្តាសុខសន្តិភាព ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ច្បាប់វិនិយោគអំណោយផលដោយបើកទូលាយសម្រាប់គ្រប់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ហើយក្នុងនោះកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាដៃគូជាច្រើនទៀតផងដែរ។
លោក បានលើកឡើងបន្តថា ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដែលបាននិងកំពុងអភិវឌ្ឍរួមមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាកាសយានដ្ឋានថ្មីខេត្តសៀមរាប ការត្រៀមបើកដំណើរការអាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។
បន្ទាប់បានទទួលស្តាប់ការពន្យល់បង្ហាញដោយ លោក ស៊ុន ចាន់ថុល អំពីសក្តានុពល និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា លោកនាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍លើវិស័យ ធំៗទាំង៣នៅប្រទេសកម្ពុជា។ ពិសេសជាងនេះ ក្រុមហ៊ុនបានសម្រេចនឹងរៀបចំកិច្ចពិភាក្សាផ្ទៃក្នុងមួយបន្ទាប់ពីបញ្ចប់ជំនួបនេះ ដើម្បីជជែកនិងសិក្សាលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងក្របខណ្ឌណាមួយ។
ជម្រាបបន្ថែមជូនក្រុមហ៊ុន អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមនិងក្រុមការងារបានបង្ហាញការត្រៀមខ្លួនរួចរាល់ ដើម្បីផ្ដល់ការពិគ្រោះយោបល់ និងសម្របសម្រួលរាល់នីតិវិធីវិនិយោគនៅកម្ពុជា។
គូសបញ្ជាក់ថា ក្រុមហ៊ុន Yuexiu Group ជាក្រុមហ៊ុនវិនិយោគលើវិស័យជាច្រើនរួមមានអចលនទ្រព្យ ហិរញ្ញវត្ថុ កសិកម្ម និងប្រព័ន្ធដឹកជញ្ជូនទំនើបជាដើម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)