Register Already an agent ? Login

ក្រុមហ៊ុនផលិតកង់រថយន្តចិនដ៏ធំ នឹងមកកម្ពុជាសិក្សាលម្អិតបង្កើតរោងចក្រផលិតសំបកកង់រថយន្ត

ភ្នំពេញ៖ ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន ឈ្មោះថា Wanli Tires បានសម្រេចចិត្តនឹងមកកម្ពុជាសិក្សាលម្អិត ដើម្បីពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួននៅកម្ពុជា។

ការគ្រោងមកសិក្សាលម្អិតបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា នាជំនួបពិភាក្សាការងារ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

ក្នុងទិសដៅដើម្បីជំរុញ ឱ្យក្រុមហ៊ុនសម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជា លោក ស៊ុន ចាន់ថុល បានលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម ៧%ជារៀងរាល់ឆ្នាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា មុនស្ថានភាពជំងឺកូវីដ-១៩។

លោក បានលើកឡើងបន្តថា បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសដែលកម្ពុជាបាននិងកំពុងអភិវឌ្ឍក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តសម្រាប់វិនិយោគិនរួមមាន អាកាសយានដ្ឋានថ្មីខេត្តសៀមរាប អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងភាពរីកចម្រើនរបស់កម្ពុជា លោក ស៊ុន ចាន់ថុល ក៏បានជម្រាបជូនក្រុមហ៊ុន ពីវិនិយោគិនដែលធ្លាប់ទទួលបានជោគជ័យ លើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាផងដែរ។

បើតាមជំនួបនេះ បន្ទាប់ពីបានស្តាប់ការពន្យល់របស់ លោក ស៊ុន ចាន់ថុល លោកនាយករងក្រុមហ៊ុន បានសម្តែងនូវការស្ងប់ស្ងែងចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃសង្គមកម្ពុជា។ ដោយមើលឃើញនូវភាពរីកចម្រើនជារួមរបស់កម្ពុជា និងតបតាមការជំរុញលើកទឹកចិត្តរបស់ លោក ស៊ុន ចាន់ថុល ក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា។

តាមរយៈការបង្ហាញឆន្ទះយ៉ាងមុតមាំ របស់ក្រុមហ៊ុនក្នុងការសិក្សាលម្អិត អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ ក្រុមហ៊ុន ដែលមានបំណងជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីវិនិយោគសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួន។ ក្នុងនោះ លោក នឹងព្យាយាមផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ សាងសង់រោងចក្រ និងផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជា ឱ្យបានលឿនបំផុត។

សូមបញ្ជាក់ថា ក្រុមហ៊ុន GIIHG ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុត៥០០ នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិនជាបុត្រសម្ព័ន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)