Register Already an agent ? Login

អាល្លឺម៉ង់ សន្យាផ្តល់ជំនួយសំណង ៦៦លានដុល្លារ ដើម្បីលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ៦៦លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៤។

ការសន្យាផ្ដល់ជំនួយឥតសំណងនេះ នាកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងបោន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ប្រតិភូកម្ពុជាដឹកនាំដោយ លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈប្រតិភូកម្ពុជា រីឯប្រតិភូអាល្លឺម៉ង់ដឹកនាំដោយ លោកបណ្ឌិត Andreas Pfeil ប្រធានផ្នែកអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ)។

គោលដៅចម្បងនៃកិច្ចចរចាគី ១-ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី, ២-ពិភាក្សាលើ វិស័យអាទិភាពនានានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និង ៣- តម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត។ បើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លទ្ធផលនៃកិច្ចចរចានេះ ភាគីអាល្លឺម៉ង់បានវាយតម្លៃខ្ពស់ និងចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេសអាល្លឺម៉ង់ ។

ជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពក្នុងការបន្តកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យអាទិភាព ចំនួន ០៣ រួមមាន៖ ១-ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព, ២-សុខាភិបាល និងគាំពារសង្គម និង ៣-ថាមពល និងអាកាសធាតុ និងវិស័យផ្សេងៗទៀតដែលមានសង្គតិភាពជាមួយនឹងអាទិភាពនៃកិច្ចអភិវឌ្ឍន៍ជាតិ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងរបៀបវារៈឆ្នាំ២០៣០ របស់ប្រទេសអាល្លឺម៉ង់។

គូសបញ្ជាក់ថា ភាគីអាល្លឺម៉ង់ ដែលបានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ៦៣លានអឺរ៉ូ (សមមូលនឹងប្រមាណ ៦៦លានដុល្លារ) ទាំងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងកិច្ចសសហប្រតិបត្តិការផ្នែកបច្ចេកទេស។

សូមបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា​និងអាល្លឺម៉ង់ សម្រេចបានប្រមាណ ៧៧៨លានដុល្លារ ៩ខែឆ្នាំ២០២៣ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុបនេះ មានប្រមាណ ៦២០លានដុល្លារ ហើយនាំចូលវិញប្រមាណ ១៥៩លានដុល្លារ។ ​យោងស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ អាល្លឺម៉ង់ ជាដៃពាណិជ្ជកម្មធំលំដាប់ទី៧ របស់កម្ពុជា។

ទំនិញ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អាល្លឺម៉ង់​ មានដូចជា៖ ​​សម្លៀកបំពាក់ ​ស្បែក​ជើង ​ទំនិញ​សម្រាប់​ធ្វើ​ដំណើរ ​ផលិតផល​កសិកម្ម គ្រឿង​បន្លាស់​អគ្គិសនី ​និង​កង់ រីឯអាល្លឺម៉ង់នាំចូលកម្ពុជា ​មាន​ដូច​ជា៖ ​យាន​យន្ត ​សម្ភារៈ​សំណង់ ​និង​គ្រឿង​សង្ហា​រឹម​ជាដើម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)