Register Already an agent ? Login

កម្ពុជានិងតួកគី កំណត់ទិសដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ប៊ីលានដុល្លារ

ភ្នំពេញ៖ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម មន្រ្តីជាន់ខ្ពស់កម្ពុជា-តួកគី បានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្មនិងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ប៊ីលានដុល្លារ។

ការកំណត់សម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ប៊ីលានដុល្លារនេះ នៅក្នុងជំនួបពិភាក្សារវាង លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ជាមួយលោកស្រី ülkū Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា កាលពីដើមខែតុលា ឆ្នាំ២០២៣នេះ។

លោកស្រី ülkú Kocaele បានគូសបញ្ជាក់ថា តួកគីបានបង្កើតឱ្យមានជាលើកដំបូងនូវការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរនូវ កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

បើតាមជំនួបនេះ ភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ខណៈ កម្ពុជានិងតួកគីនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោ។យ លោក សុខ ចិន្តាសោភា និងលោកស្រី ឯកអគ្គរដ្ឋទូត បានបង្ហាញនូវការត្រៀមខ្លួនជាស្រេចក្នុងការ រៀបចំសកម្មភាពរួមគា្ននានា ដើម្បីអបអរព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងផ្តល់អាទិភាពលើវិស័យសក្តានុពលនានា នៃកិច្ចសហប្រតិបត្តិការដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ រួមមានការផ្តល់អាហារូបករណ៍ និងការបណ្ដុះបណ្តាលដល់មន្ត្រីការទូត និងនិស្សិតកម្ពុជា។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)