ភ្នំពេញ៖ ភាពាណិជ្ជកម្មអាល្លឺម៉ង់ មានបំណងចង់បង្កើតការិយាល័យពាណិជ្ជកម្មនៅកម្ពុជា និងស្វែងយល់បន្ថែមអំពីកាលានុវត្តភាពនៃការធ្វើធុរកិច្ចនិងវិនិយោគនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ។
ការលើកឡើងខាងលើរបស់ JAN CERNICKY ប្រធាននាយកដ្ឋានសេដ្ឋកិច្ចនិងនវានុវត្តន៍នៃការិយាល័យ Konrad Adenauer Stiftung (KAS) ប្រទេសអាល្លឺម៉ង់ នៅក្នុងជំនួបពិភាក្សាជាមួយ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០២៣។
លោកស្រី រដ្ឋលេខាធិការ ក៏បង្ហាញការស្វាគមន៍ គាំទ្រនិងការត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយភាគីដៃគូពាណិជ្ជកម្មពីបណ្ដាប្រទេសនានា។ បានគូសបញ្ជាក់ថា ជាពិសេសប្រទេសអាល្លឺម៉ង់ និងលើកទឹកចិត្តឱ្យសហគមធុរកិច្ចអាល្លឺម៉ង់ ពិនិត្យលទ្ធភាពពង្រីកការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោកស្រី តឹករ៉េត កំរង ក៏បានជម្រាបជូនអំពីការវឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្ម ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ ជាអាទិ៍ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជននិងការងារ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាពនិងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
នាកាសនោះ លោកស្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនអាល្លឺម៉ង់ ដែលតែងតែគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើវិស័យសំខាន់ៗដូចជា៖ ការអប់រំ នីតិរដ្ឋ អភិបាលកិច្ច ការការពារបរិស្ថាន សេដ្ឋកិច្ចឌីជីថល និងទំនាក់ទំនងអន្តរជាតិជាដើម។
បើតាមជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីប្រធានបទសំខាន់ៗមួយចំនួនទៀតផងដែរ រួមមាន៖ ការត្រៀមខ្លួនរបស់កម្ពុជាក្នុងដំណើរចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ផែនការអភិវឌ្ឍន៍ភស្ដុភារកម្មនៅកម្ពុជា និងវឌ្ឍនភាពនៃការអនុវត្តសេដ្ឋកិច្ចបៃតងនិងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
គួរបញ្ជាក់ផងដែរ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាល្លឺម៉ង់ក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ១,២៤៦.៩០លានដុល្លារ បានកើនឡើងប្រមាណ ១៩,២៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអាល្លឺម៉ង់ដូចជា៖ សម្លៀកបំពាក់ ទោចក្រយានយន្ត ស្បែកជើង ធញ្ញជាតិ កាហ្វេ មួក ឆ័ត្រ និងគ្រឿងម៉ាស៊ីនអគ្គិសនីជាដើម, រីឯ កម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអាល្លឺម៉ង់ដូចជា៖ គ្រឿងបន្លាស់ម៉ាស៊ីន ផលិតផលធ្វើពីម្សៅ ឱសថ កាកសំណល់ចំណីកែច្នៃសម្រាប់ផលិតចំណីសត្វ និងទំនិញដទៃទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)