ភ្នំពេញ៖ រយៈពេល ៩ ខែចាប់ ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ការនាំចេញ-ចូលទំនិញរវាងកម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់មានទឹកប្រាក់សរុប ៣៥,១៦២.៤៤លានដុល្លារ ធ្លាក់ចុះ ៣,៥% បើធៀបនឹងឆ្នាំ២០២២ ដែលមានជាង ៣៦,៤៤ពាន់លានដុល្លារ។ បើតាមតារាងស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញអន្តរជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមតារាងស្ថិតិ បានឱ្យដឹងថា ការនាំចេញរបស់កម្ពុជា មានចំនួនជិត ១៧ពាន់លានដុល្លារ ធ្លាក់ចុះ ០,៨% និងទំនិញនាំចូលមកវិញមានជាង ១៨ពាន់លានដុល្លារ ធ្លាក់ចុះ ៥,៩%។ ពាណិជ្ជកម្មកម្ពុជា មានឱនភាពប្រមាណ ១,២៧ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ២០២២ កម្ពុជា មានឱនភាពរហូតដល់ជាង ២,២៨ពាន់លានដុល្លារ។
ដោយឡែក ពាណិជ្ជកម្មអន្តរជាតិក្នុងខែកញ្ញា ឆ្នាំ២០២៣ មានទឹកប្រាក់សរុប ៣ ៨៣៦.០៩លានដុល្លារ កើនឡើង ១០,១២៣% បើធៀបខែកញ្ញា ឆ្នាំ២០២២។ ទំនិញដែលកម្ពុជា នាំចេញចំនួន ១ ៨៨១.០៩លានដុល្លារ កើន ១៧,២% និងនាំចូល ១ ៩៥៥.០៨ លានដុល្លារ កើនឡើង ៤,១%។ បើតាមតារាងស្ថិតិដដែល។
គួររម្លឹកថា ក្នុងឆ្នាំ២០២២ ទឹកប្រាក់ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានសរុបជាង ៥២,៤២ពាន់លានដុល្លារ កើន ៩,២% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះ កម្ពុជានាំចេញជាង ២២,៤៨ពាន់លានដុល្លារ កើនឡើង ១៦,៤ % និងនាំចូលមកវិញជិត ៣០ពាន់លានដុល្លារ កើន ៤,៣%៕
ដោយ៖ មឿន ឌីណា (Moeun Dyna)