ភ្នំពេញ៖ ថ្នាក់ដឹកនាំ កម្ពុជា-វៀតណាម បានបេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់នៅគ្រប់កម្រិត ជាពិសេសវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិនិងសន្តិសុខ។ បើតាមជំនួបពិភាក្សាការងារ សម្តេចធិបតី និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។
សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជា នាព្រឹកថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២៣ បានឯកភាពលើការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការពារជាតិ។
បើតាមជំនួបនេះ លោក ង្វៀន ហ៊ុយតាំង បានសម្តែងនូវការអបអរសាទរសារជាថ្មីជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងបានជូនពរ សម្តេចធិបតី ទទួលបាននូវជោគជ័យក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ។ លោក ក៏បានថ្លែងនូវការកោតសរសើរចំពោះការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។
លោក បានគូសបញ្ជាក់ថា ជាពិសេស ក្នុងរយៈកាលចុងក្រោយនេះ គឺការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលពិតជាបានបង្កលក្ខណៈដល់ដំណើរការរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាអាទិ៍៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ជាដើម។ល។
អគ្គរដ្ឋទូត បានលើកឡើងថា ចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ដែលមានការរីកចម្រើនលូតលាស់ជាលំដាប់លើគ្រប់វិស័យ ហើយរដ្ឋាភិបាលវៀតណាមបេ្តជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់នៅគ្រប់កម្រិត ជាពិសេសវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិនិងសន្តិសុខ ក៏ដូចជានឹងបន្តសំឡឹងមើលវិស័យសក្តានុពលថ្មីៗបន្ថែមទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyna)