ភ្នំពេញ៖ ពាណិជ្ជកម្មរវាងកម្ពុជា-ហុងគ្រី សម្រេចបានទំហំប្រមាណ ៧,៤៤លានដុល្លារក្នុងឆ្នាំ២០២២ កើនឡើង៨៩% ធៀបនឹងឆ្នាំ២០២១។ បើតាមការលើកឡើងរបស់ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងជំនួបជាមួយ លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំកម្ពុជា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។
បើតាមជំនួបនេះ លោកស្រី បានបញ្ជាក់ឱ្យដឹងថា ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅហុងគ្រី រួមមាន៖ គ្រាប់ធញ្ញជាតិ សម្លៀកបំពាក់ ស្បែកជើង ថ្នាំជក់ និងឧបករណ៍អគ្គិសនីឬបរិធានមេកានិកជាដើម។
រីឯ ទំនិញនាំចូលសក្តានុពលពីហុងគ្រីមកកម្ពុជាវិញ រួមមាន៖ ផលិតផលឱសថ ម៉ាស៊ីននិងបរិធានមេកានិក ប្រដាប់ប្រដារក្មេងលេង ផលិតផលធ្វើពីទឹកដោះ និងគីមីសរីរាង្គជាដើម។ បើតាមការបន្តរបស់ លោកស្រី តឹករ៉េត កំរង។
ក្នុងឱកាសនោះដែរ លោកស្រី រដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានាលើពិភពលោក។
បន្ថែមពីនេះ លោកស្រី បានលើកឡើងអំពីការត្រៀមលក្ខណៈរបស់ភាគីកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី (JCEC) នាពេលខាងមុខ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារ និងកំណត់វិស័យអាទិភាពនិងផែនការសកម្មភាពសម្រាប់អនុវត្តបន្ត ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោក ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណនូវការផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អរបស់ក្រសួងពាណិជ្ជកម្មដល់ភាគីហុងគ្រីនាពេលកន្លងមក និងបានបង្ហាញឆន្ទៈមោះមុត ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសវិស័យអាទិភាពរួមមាន៖ ពាណិជ្ជកម្ម កសិកម្ម និងធនធានទឹក។
បើតាមជំនួបនេះដែរ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី២ នៃJCEC តាមប្រព័ន្ធ Hybrid នាពេលឆាប់ៗខាងមុខ ដែលក្នុងនោះ ក៏មានការរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសរវាងភាគីទាំងពីរតាមប្រព័ន្ធវីដេអូ ដើម្បីត្រួតពិនិត្យនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងស្វែងរកធាតុចូលថ្មីៗបន្ថែមទៀត ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការងារ និងសមិទ្ធផលតាមគោលដៅកំណត់។
បន្ថែមពីនេះ ភាគីទាំងពីរបានបង្ហាញចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្ដូរទស្សនៈកិច្ចសិក្សាស្វែងយល់អំពីសក្ដានុពលពាណិជ្ជកម្ម និងវិនិយោគរវាងសភាពាណិជ្ជកម្មទាំងពីរ។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការផ្ដល់អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា និងផ្លាស់ប្ដូរយោបល់ទៅលើ ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP+ របស់សហភាពអឺរ៉ុប បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចនាពេលខាងមុខ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)