ភ្នំពេញ៖ គណៈប្រតិភូអ៊ីតាលី ដែលមានទាំងថា្នក់ដឹកនាំស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ ដើម្បីស្វែងយល់អំពីកាលានុវត្តភាពវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។ បើតាមជំនួបពិភាក្សាមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ពុជា និងអនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងការផលិតអ៊ីតាលី។
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក VALENTINO VALENTINI អនុរដ្ឋមន្ត្រីក្រសួងសហគ្រាស និងការផលិតនៅអ៊ីតាលី ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
លោកស្រី តឹករ៉េត កំរង បានសម្តែងការស្វាគមន៍ជូនចំពោះ លោក VALENTINO VALENTINI ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអ៊ីតាលី ដែលបានបន្តគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ជាដើម។ ជាពិសេសការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនកម្ពុជា តាមរយៈកម្មវិធី COVAX។
ក្នុងឱកាសនោះដែរ រដ្ឋលេខាធិការ ក៏បានលើកអំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១ រួមមាន៖ ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការលើកកម្ពស់វិស័យឯកជន, ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
ចំពោះការធ្វើពិពិធកម្មសេដ្ឋកិច្ច លោកស្រី បានគូសបញ្ជាក់អំពីសមិទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិងពហុភាគី ដែលកម្ពុជា សម្រេចបានរួមមាន៖ អាសិប(RCEP), កម្ពុជា-ចិន(CCFTA), កម្ពុជា-កូរ៉េ(CKFTA), និងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(Cambodia-UAE CEPA)ជាដើម។
បន្ថែមពីនេះ លោកស្រី ក៏បានលើកអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់បរិយាកាសវិនិយោគជូនវិស័យឯកជន តាមរយៈការដាក់ឱ្យប្រើច្បាប់វិនិយោគថ្មី និងការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជារៀងរាល់ឆ្នាំ ដើម្បីទទួលយកសំណូមពរ សិក្សាបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួម។
ក្នុងន័យនេះដែរ លោកស្រី ក៏បានលើកទឹកចិត្តដល់ធុរជននិងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគនិងពាណិជ្ជកម្មលើវិស័យសក្តានុពលរបស់កម្ពុជារួមមាន៖ កសិកម្ម កសិ-ឧស្សាហកម្ម កង់ វាយនភណ្ឌ និងគ្រឿងអេឡិចត្រូនិចជាដើម។
ជាកិច្ចឆ្លើយតប អនុរដ្ឋមន្ត្រីអ៊ីតាលី បានថ្លែងអំណរគុណ លោកស្រី តឹករ៉េត កំរង ចំពោះការទទួលស្វាគមន៍ ព្រមទាំងបង្ហាញឆន្ទៈ បន្តជំរុញនិងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងបន្ថែមទៀតនាពេលអនាគត។ បន្ថែមពីនេះ លោក បានឱ្យដឹងថា វិស័យឯកជនអ៊ីតាលីកំពុងស្វែងរកកិច្ចសហការនិងពិនិត្យលទ្ធភាពចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាលើវិស័យសេដ្ឋកិច្ចឌីជីថល សេវាសន្តិសុខអ៊ីនធឺណេត និងយានយន្ត។
នាឱកាសនោះ លោក បានបញ្ជាក់ឱ្យដឹងថា គណៈប្រតិភូអ៊ីតាលីដែលមានទាំងថា្នក់ដឹកនាំស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានឯកភាពក្នុងការលើកទឹកចិត្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងវិស័យឯកជនជាពិសេសសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីបើកផ្លូវឱ្យវិស័យឯកជនទាំងសងខាងធ្វើការជិតស្និទ្ធនិងស្វែងយល់អំពីតម្រូវការទៅវិញទៅមក សំដៅបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យដល់គោលដៅដែលភាគីទាំងពីរចង់បាន នាពេលអនាគត។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអ៊ីតាលីក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ៤៤៥លានដុល្លារ បានកើនឡើងប្រមាណ ៣៣,៣៩% បើធៀបទៅនឹងឆ្នាំ២០២១។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង ធញ្ញជាតិ វត្ថុធ្វើពីដែក និងកៅស៊ូជាដើម រីឯ កម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនឬបរិធាន ក្រណាត់ប៉ាក់ ឱសថ និងទំនិញដទៃទៀត៕
ដោយ៖ មឿន ឌីណា (Moeun Dyn)