ភ្នំពេញ៖ គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ទទួលបានការលើកទឹកចិត្តរហូតដល់ ៩ឆ្នាំ និងការលើកទឹកចិត្តផ្សេងៗទៀតក្រោយពេលផុតរយៈពេលលើកទឹកចិត្តនេះ។
លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា តាមរយៈច្បាប់ស្តីពីសារពើពន្ធ (២០២៣) គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) នឹងទទួលបានការលើកទឹកចិត្តរហូតដល់ទៅ៩ឆ្នាំ ដោយផ្អែកតាមសកម្មភាពវិនិយោគ ហើយបន្ទាប់ពីផុតរយៈពេលលើកទឹកចិត្តនេះ។
លោកបណ្ឌិត ប្រធាននាយកដ្ឋាន បានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ច ពន្ធប្រចាំខែនិងប្រចាំឆ្នាំ និងការប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ ដែលសហការរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ និងសមាគមរោងចក្រវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
លោក បានលើកឡើងបន្តថា ក៏មានការលើកទឹកចិត្តបន្ថែមទៀតតាមអត្រាកំណើនតាមពេលសម្រាប់ រយៈពេល ៦ឆ្នាំ ព្រមទាំងមានការអនុញ្ញាតឱ្យកាត់កងចំណាយពិសេសមួយចំនួនរហូតដល់ ១៥០% និងទទួលបានការលើកលែងអាករ លើតម្លៃបន្ថែមសម្រាប់ការទិញធាតុចូលផលិតកម្មដែលផលិតក្នុងស្រុករបស់គម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ផងដែរ។
គួរបញ្ចាក់ផងដែរថា ច្បាប់ស្តីពីសារពើពន្ធ (២០២៣) ដែលត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ គឺមិនមែនជាច្បាប់ ដែលតាក់តែងថ្មីទាំងស្រុងនោះទេ ប៉ុន្តែ ជាការប្រមូលផ្តុំនូវច្បាប់និងលិខិតបទដ្ឋានគតិយុត្តដើម្បីរៀបចំឱ្យមានសង្គតិភាពផ្ដល់ភាពងាយស្រួលក្នុងការស្វែងរក ព្រមទាំងបំពេញនូវចន្លោះប្រហោងឱ្យស្របតាមបរិការណ៍នៃសេដ្ឋកិច្ច ធុរកិច្ចនាពេលបច្ចុប្បន្ន។
ម្យ៉ាងទៀត ដើម្បីស្របជាមួយច្បាប់ ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានដាក់បញ្ចូលនូវគោលការណ៍ទន់ភ្លន់សម្រាប់អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តផ្នែកពន្ធដារមួយចំនួន ករណីដែលប្រទេសកម្ពុជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ឬវិបត្តិហិរញ្ញវត្ថុ ឬគ្រោះអាសន្ន ឬតម្រូវការ ចាំបាច់បន្ទាន់នានាក្នុងការធានាលំនឹងជីវភាព និងសុខុមាលភាពរបស់ប្រជាជនក៏ដូចជាធានានូវប្រក្រតីភាពនៃកិច្ចដំណើរការសង្គម-សេដ្ឋកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)