ភ្នំពេញ៖ កម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាប្រមាណ ៧% ជាមធ្យមក្នុងមួយឆ្នាំក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ មុនការមកដល់នៃជំងឺកូវីដ-១៩។
ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ មុតស្រួច និងទាន់ពេលបានជំរុញឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាប្រមាណ ៧% ជាមធ្យមក្នុងមួយឆ្នាំក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ មុនការ មកដល់នៃជំងឺកូវីដ-១៩។ បើតាមការគូសបញ្ជាក់របស់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល។
ការថ្លែងគូសបញ្ជាក់របស់ លោក អូន ព័ន្ធមុនីរ័ត្ន នេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨” នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ បានបន្តថា លើសពីនេះ ជាមួយនឹងមូលដ្ឋានសង្គមសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព, បរិយាប័ន្ន, សមធម៌ និងធន់នឹងវិបត្តិ, សេដ្ឋកិច្ចជាតិបាននិងកំពុងបន្តងើបឡើងវិញបន្ទាប់ពីទទួលរងនូវការបង្អាក់ ដោយវិបត្តិជាសកលនៃជំងឺកូវីដ-១៩។
លោក បានថ្លែងបន្តទៀតថា ទោះបីជាកម្ពុជា ត្រូវបន្តជួបប្រឈមនឹងសភាពការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ក៏ដោយ រួមមាន៖ ភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយ, ពិសេស សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, និងកំណើនយឺតនៃសេដ្ឋកិច្ចសកល, ព្រមទាំងការថមថយនៃតម្រូវការនៅតាមបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា ជាដើម។
សមិទ្ធផលទាំងនេះក៏បាន និងកំពុងជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាល, ក្រោមការដឹកនាំប្រកបដោយជវភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និង សម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឃឹម, ភាពជឿជាក់ និងឆន្ទៈមោះមុតក្នុងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បើតាមការថ្លែងបន្ថែមរបស់ លោក អូន ព័ន្ធមុនីរ័ត្ន។
លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងយុគសម័យបដិវត្ត ឧស្សាហកម្មថ្មី ៤.០, បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន និងបានក្លាយជាកត្តាគន្លឹះ ជំរុញការគ្របដណ្តប់ និងការតភ្ជាប់សង្គម និង សេដ្ឋកិច្ចនៅទូទាំងពិភពលោកឱ្យកាន់តែស្អិតល្មួត, ខិតជិតគ្នានិងពឹងគ្នាទៅវិញទៅមក។ លោក ថា បច្ចុប្បន្ន គ្រប់វិស័យនៃសេដ្ឋកិច្ចនិងតំបន់ភូមិសាស្ត្រ ទាំងទីប្រជុំជននិងជនបទ ព្រមទាំងបុគ្គល ទាំងវ័យក្មេង និងវ័យចំណាស់ សុទ្ធសឹងកំពុងទទួលឥទ្ធិពលពីបច្ចេកវិទ្យា។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានគូសបញ្ជាក់ថា ជាពិសេស បច្ចេកវិទ្យាឌីជីថល ដែលបាន និងកំពុង៖ ១-កែប្រែរបៀបក្នុងការធ្វើធុរកិច្ច ឬ ម៉ូដែលធុរកិច្ច; ២-ផ្លាស់ប្តូរទម្លាប់រស់នៅ ឬ ជីវិតប្រចាំថ្ងៃ ក្នុងការប្រាស្រ័យទាក់ទង និង ការបំពេញការងារ; និង ៣-ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងប្រសិទ្ធភាពការងារ។
លោក បានលើកឡើងបន្ថែមថា មិនថាមានការអភិវឌ្ឍក្នុងកម្រិតណានោះទេ ប្រទេសដែលមានសេដ្ឋកិច្ច កំពុងលូតលាស់ ឬ ប្រទេសកំពុងអភិវឌ្ឍអាចចាប់យកនូវបច្ចេកវិទ្យាឌីជីថលថ្មីៗដើម្បី ផ្លាស់ប្ដូរពីឧស្សាហកម្មបែបប្រពៃណីទៅឧស្សាហកម្មទំនើបបានក្នុងរយៈពេលខ្លី តាមរយៈ៖ ១-ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាវិស័យចន្ទល់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច, ២-ការប្រែក្លាយបច្ចេកវិទ្យាឌីជីថលជាកាតាលីករ ក្នុងការគាំទ្រ និង ជំរុញវិស័យផ្សេងៗ នៃសេដ្ឋកិច្ច, និង ៣-ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីផ្ដល់លទ្ធភាពឱ្យធុរជន និងវិនិយោគិនក្នុងស្រុក អាចភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកលក៏ដូចជាស្វែងរកភាពច្នៃប្រឌិតក្នុងការផលិតទំនិញ និងការផ្តល់សេវាកម្ម៕
ដោយ៖ មឿន ឌីណា (Moeun Dyna)