ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ត្រូវបានព្យាករថានៅរក្សាលំនឹងបានថេរល្អត្រឹម ៥% ក្នុងឆ្នាំ២០២៣ ប៉ុន្តែវានឹងថមថយសន្ទុះបន្តិចវិញក្នុងអំឡុង ៦ខែចុងក្រោយនៃឆ្នាំដដែល រហូតដល់ឆ្នាំ២០២៤ ដែលកំណើនត្រូវបានព្យាករថានឹងធ្លាក់មកនៅត្រឹម ៤,៥% ប៉ុណ្ណោះ។ ធនាគារពិភពលោកនិយាយដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយអំពីស្ថានភាពសេដ្ចកិច្ចនៅក្នុងតំបន់ ដែលចេញផ្សាយនៅទី១ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងរបាយការណ៍ “បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ខែតុលា ឆ្នាំ២០២៣” (East Asia and Pacific October 2023 Economic Update 2023) ធនាគារពិភពលោកនិយាយថា នៅឆ្នាំនេះ តំបន់ទទួលបានកំណើនខ្ពស់ជាងកំណើនជាមធ្យមដែលបានព្យាករទុកសម្រាប់ប្រទេសដែលកំពុងរីកចម្រើនផ្សេងទៀត និងប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ប៉ុន្តែវានៅតែទាបជាងការព្យាករកាលលើកមុន។ កំណើននៅក្នុងប្រទេសចិនក្នុងឆ្នាំ២០២៣នេះ ត្រូវបានព្យាករថានឹងមាន ៥,១% ហើយនៅក្នុងតំបន់ក្រៅពីចិន កំណើននឹងមានត្រឹម ៤,៦%។ កំណើនក្នុងចំណោមប្រទេសកោះប៉ាស៊ីហ្វ៊ិកត្រូវបានរំពឹងទុកថា នឹងមាន ៥,២%។
នៅឆ្នាំ២០២៤ ស្ថានភាពប្រសើរឡើងនៅខាងក្រៅតំបន់នឹងជួយដល់កំណើននៅផ្នែកដទៃនៃតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ប៉ុន្តែស្ថានភាពលំបាកដែលបន្តមាននៅក្នុងប្រទេសចិន ជាពិសេស ការថមថយសន្ទុះនៃការងើបឡើងវិញពីការបើកឡើងវិញសេដ្ឋកិច្ចរបស់ចិន, ការពូនគរបំណុល, និងការចុះខ្សោយក្នុងវិស័យអចលនទ្រព្យ, កត្តារចនាសម្ព័ន្ធដូចជា ភាពចាស់ជរាក្នុងចំណោមប្រជាជនចិន ជាដើម នឹងដាក់សម្ពាធទៅលើកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដោយទាញវាឱ្យធ្លាក់ចុះមកនៅត្រឹម ៤,៤% ក្នុងឆ្នាំ២០២៤។
កំណើននៅក្នុងផ្នែកដទៃទៀតនៃតំបន់ ត្រូវបានរំពឹងទុកថានឹងងើបឡើងវិញដល់កម្រិត ៤,៧% ក្នុងឆ្នាំ២០២៤ ដោយសារការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចពិភពលោក និងការបន្ធូរបន្ថយលក្ខខណ្ឌហិរញ្ញវត្ថុ អាចជួយប៉ះប៉ូវទូទាត់ជាមួយផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមកពីការធ្លាក់ចុះនៃកំណើននៅក្នុងប្រទេសចិន និងពីវិធានការគោលនយោបាយពាណិជ្ជកម្មនៅក្នុងប្រទេសផ្សេងទៀត។ លើសពីនេះ ការកើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងលទ្ធភាពកើតមានគ្រោះមហន្តរាយធម្មជាតិ រួមមានព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗផង សុទ្ធតែជាហានិភ័យដែលអាចជះផលអវិជ្ជមានចំពោះទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់ ផងដែរ។
លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក មានប្រសាសន៍ដូច្នេះថា៖ “តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅតែជាតំបន់មួយក្នុងចំណោមតំបន់ដែលមានកំណើនលឿនជាងគេ និងមានភាពស្វាហាប់បំផុតក្នុងពិភពលោក បើទោះបីជាកំណើនមានកម្រិតមធ្យមក៏ដោយ។ ក្នុងរយៈពេលមធ្យម ការរក្សាកំណើនខ្ពស់ឱ្យមាននិរន្តរភាព ទាមទារឱ្យមានកំណែទម្រង់ដើម្បីរក្សាភាពប្រកួតប្រជែងក្នុងឧស្សាហកម្ម, ធ្វើពិពិធកម្មដៃគូពាណិជ្ជកម្ម និងបញ្ចេញសក្តានុពលនៃការបង្កើនផលិតភាព និងការបង្កើតការងារនៅក្នុងវិស័យសេវាកម្ម។”
ផ្នែកផ្តោតពិសេសក្នុងរបាយការណ៍នេះនិយាយថា វិស័យសេវាកម្មអាចដើរតួនាទីកាន់តែខ្លាំងជាងមុនក្នុងការជំរុញការអភិវឌ្ឍនៅក្នុងតំបន់ ដែលគេស្គាល់ជាទូទៅថាជាតំបន់ដែលមានវិស័យផលិតកម្មជាកត្តាជំរុញកំណើនសេដ្ឋកិច្ច។ វិស័យសេវាកម្មបានក្លាយជាអ្នករួមចំណែកដ៏សំខាន់ដល់កំណើនផលិតភាពការងារសរុប ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ការនាំចេញសេវាកម្មបានកើនឡើងលឿនជាងការនាំចេញទំនិញ។
រីឯ កំណើននៃការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យសេវាកម្មវិញ វាមានលើស ៥ដងលើការវិនិយោគនៅក្នុងវិស័យផលិតកម្មនៅក្នុងប្រទេសចិន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន និងថៃ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)