ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ បានឯកភាពប្រគល់ភារកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងរិះរកនូវកាលានុវត្តភាពប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មទំហំ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។
ការឯកភាពរបស់ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នាឱកាសដែល លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថ្មី បានអញ្ជើញមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បើតាមការប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងកិច្ចសប្រតិបត្តិការអន្តរជាតិកម្ពុជាថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៣។
ក្នុងជំនួបទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការឱ្យឈានដល់កម្រិតថ្មី តាមរយៈការជួបប្រាស្រ័យទាក់ទងកម្រិតខ្ពស់និង ទៀងទាត់រវាងថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន និងអាជ្ញាធរមូលដ្ឋាន។
ភាគីទាំងពីរបានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធ ធ្វើកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព នៅតាមតំបន់ព្រំដែន សំដៅប្រែក្លាយតំបន់នេះ ទៅជាព្រំដែននៃសន្តិភាពយូរអង្វែង និងការអភិវឌ្ឍ។
ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការបង្កើនបន្ថែមទៀតនូវទំហំពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក។ ថ្នាក់ប្រមុខដឹកនាំទាំងពីរ បានឯកភាពនឹងណែនាំអាជ្ញាធរពាក់ព័ន្ធ ពន្លឿនការ ចរចាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់រវាងកម្ពុជានិងថៃ ដើម្បីដោះស្រាយបញ្ហាសេសសល់ពាក់ព័ន្ធនឹងទំនិញដឹកជញ្ជូនឆ្លងកាត់ពីប្រទេសទីបី។
នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលទាំងពីរ ឯកភាពប្រគល់ភារកិច្ចឱ្យអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់យន្តការមានស្រាប់ប្រកបដោយប្រសិទ្ធភាព និងរិះរកនូវកាលានុវត្តភាពប្រកបដោយសក្តានុពលបន្ថែម ដើម្បីបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅសម្រេចបាននូវគោលដៅពាណិជ្ជកម្មទំហំ ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។
ប្រជាជនភាគច្រើននៃប្រទេសទាំងពីរជាកសិករ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ ធ្ងន់លើការផ្លាស់ប្ដូរនូវជំនាញកសិកម្ម រួមទាំងការគ្រប់គ្រងទឹកជំនន់និងគ្រោះរាំងស្ងួត។ ចំពោះបញ្ញ ពាក់ព័ន្ធនឹងពោត លោក សេដ្ឋា ថាវីស៊ីន បានស្នើថា ប្រធានបទអំពីពោតនេះគួរផ្ដោតលើទិដ្ឋភាពទាំងអស់ ពោលគឺមិនគិតត្រឹមតែការប្រមូលផលទេ។ សម្ដេចធិបតី បានស្នើភាគីថៃ ឱ្យផ្ដល់ទីផ្សារកាន់តែទូលំទូលាយជាងនេះ សម្រាប់ផលិតផលកសិកម្មនានាពីកម្ពុជា។
ចំពោះវិស័យទេសចរណ៍ ថ្នាក់ដឹកនាំកំពូលទាំងពីរ បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការសកម្មភាពរួមស្ដីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ ឆ្នាំ២០២៣-២០២៥ និងជំរុញបន្ថែមទៀតនូវលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងមកពីប្រទេសទីបី ស្របតាមពាក្យស្លោក “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ លោក សេដ្ឋ ថាវីស៊ីន បានគាំទ្រសំណើរបស់កម្ពុជា សម្រាប់ការបង្កើនជើងហោះហើរ ជាពិសេសផ្តោតលើទីក្រុងធំៗលំដាប់ទីពីរ។
លោក សេដ្ឋា ថាវីស៊ីន បានគូសបញ្ជាក់ថា ការជ្រើសយកកម្ពុជា ជាប្រទេសដំបូងសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅ បរទេសលោក បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទស្សនកិច្ចនេះមានគោលបំណងពង្រឹងបន្ថែមទៀតនូវទំនាក់ ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ក្រោមស្មារតី "ពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព”៕
ដោយ៖ មឿន ឌីណា (Moeun Dyna)