Register Already an agent ? Login

៨ខែដើមឆ្នាំ២០២៣ ទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់កើនឡើងជាង ២៥០% ប៉ុន្តែធ្លាក់ចុះជិត២០%ធៀបឆ្នាំ២០១៩

ភ្នំពេញ៖ រយៈពេល៨ខែដើមឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥លាននាក់ កើនឡើង ២៥០,៨% បើតាមនឹងឆ្នាំ២០២២ ប៉ុន្តែបើធៀបនឹងឆ្នាំ២០១៩ មានការថយចុះ ១៩,៧% នៅឡើយ។ បើតាមរបាយការណ៍នាយកដ្ឋានស្ថិតិទេសចរណ៍។

បើតាមរបាយការណ៍ នាយកដ្ឋានស្ថិតិទេសចរណ៍ សម្រាប់រយៈពេល ៨ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

ដោយឡែក បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ យើងឃើញថា ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០% នៃកម្រិតមុនវិបត្តិ​សម្រាប់រយៈពេល ៨ខែឆ្នាំ២០២៣នេះ។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ ៤,៥លាន ទៅ ៥លាននាក់ សម្រាប់ពេញមួយឆ្នាំ២០២៣នេះ។

ទន្ទឹមនឹងនេះ ក្នុងចំណោមទេសចរអន្តរជាតិប្រមាណ ៣,៥លាននាក់ ខាងលើ ទេសចរដែលចូលតាមផ្លូវអាកាសមានចំនួនប្រមាណ ១,២លាននាក់ ដោយកើនឡើង ២០៦,១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិកូវីដ-១៩) តួលេខនេះ នៅមានការថយចុះប្រមាណ ៦០,៩% នៅឡើយ។ ដូចគ្នានេះដែរ ចំនួនទេសចរអន្តរជាតិ ដែលចូលតាមផ្លូវគោក និងផ្លូវទឹកសម្រាប់រយៈពេល ៨ខែឆ្នាំ២០២៣ មានចំនួនប្រមាណ ២,២៨លាននាក់។

សូមបញ្ជាក់ថា នាយកដ្ឋានស្ថិតិទេសចរណ៍ បានប្រមូលរៀបចំចងក្រងស្ថិតិទិន្នន័យទេសចរអន្តរជាតិ ពីគ្រប់ច្រកទ្វារអន្តរជាតិ និងច្រកទ្វារព្រំដែនអន្តរជាតិទូទាំងប្រទេស សរុប ២៦កន្លែង ដែលមានកិច្ចសហការផ្តល់ទិន្នន័យប្រចាំខែ ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)