ភ្នំពេញ៖ ដើម្បីកំណត់បានថា ដីធ្លីរបស់ខ្លួនជាកម្មវត្ថុ ឬមិនមែនជាកម្មវត្ថុនៃការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ម្ចាស់ដីធ្លីត្រូវកំណត់ថាដីធ្លីរបស់ខ្លួន ពុំមានលក្ខណៈណាមួយ នៃលក្ខណៈទាំង៥ ដូចខាងក្រោម៖
ទី១- ដីមានសំណង់ស្ថិតនៅក្នុងតំបន់លំនៅឋាន ដែលកម្មសិទ្ធិករប្រើប្រាស់ជាកន្លែងស្នាក់នៅជាសំខាន់របស់ខ្លួន និងបានស្នាក់នៅកន្លែងនោះចំនួន ១៨៣ថ្ងៃ ឬច្រើនជាងចាប់ពីថ្ងៃទី១ ខែតុលា នៃឆ្នាំជាប់ពន្ធកន្លងទៅ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំប្រមូលពន្ធ
ទី២- ដីជួលដែលមានសំណង់មានការកាន់កាប់ ដែលផ្តល់លាភការប្រចាំខែលើសពី ៨០% នៃ១ភាគ១២ នៃតម្លៃដីក្នុងឆ្នាំប្រមូលពន្ធ គុណ នឹងមេគុណកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ទី៣- ដីដែលមានសកម្មភាពសេដ្ឋកិច្ចស្របតាមការកំណត់តំបន់របស់រដ្ឋ ដែលមានប្រាក់ចំណូលប្រចាំខែអំពីសកម្មភាពនោះ បានលើសពីចំនួន ៨០% នៃចំនួន ១ ភាគ ១២ នៃតម្លៃដីក្នុងឆ្នាំប្រមូលពន្ធ គុណនឹងមេគុណកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ទី៤- ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវន្តបុគ្គល ហើយដីនោះមានលក្ខណៈណាមួយនៃចំណុចទាំង៣ ខាងលើ
ទី៥- ដីដែលស្ថិតក្រោមកិច្ចព្រមព្រៀងវិនិយោគ។
សូមរម្លឹកផងដែរថា តាមរយៈសេចក្ដីជូនដំណឹងលេខ ៣៤៣៦៩ អពដ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានផ្ដល់ពេលវេលាបន្ថែម ចំនួន ១ខែទៀត សម្រាប់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ ឆ្នាំ២០២៣ ពោលគឺនឹងផុតកំណត់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា សង្កេតឃើញថា មានម្ចាស់ អចលនទ្រព្យ មួយចំនួននៅមិនទាន់យល់ច្បាស់ពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ ជាពិសេសលក្ខណៈសម្គាល់លើដីធ្លីមិនបានប្រើប្រាស់។ ការសម្រេចពន្យាពេលនេះ ដើម្បីផ្ដល់លទ្ធភាពជូន ម្ចាស់ អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសនិងបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ សូមរួសរាន់ទៅចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពនៅសាខាពន្ធដារខេត្ត-ខណ្ឌដើម្បីប្រកាសនិងបង់ប្រាក់ពន្ធបាន ទាន់ពេលវេលានិងត្រឹមត្រូវ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)