ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកម្ចីសម្រាប់កម្មវិធីចំនួនពីរ ដែលមានតម្លៃសរុប ១៤០លានដុល្លារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
កិច្ចព្រមព្រៀងកម្ចីសម្រាប់កម្មវិធីចំនួនពីរ ដែលមានតម្លៃសរុប ១៤០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា តាមរយៈការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ ដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់វិមជ្ឈការនិងហិរញ្ញវត្ថុសាធារណៈ។
បើតាមសេចក្ដីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ដូចខាងក្រោម៖
១-កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ជំហាន២៖ អនុកម្មវិធីទី២ មានគោលបំណង រួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួល ក្នុងការទទួលបានសេវាសាធារណះ ដោយផ្តោតលើ ១-ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោម ជាតិ, ២-ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ, និង ៣- ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ។
កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុប ៤០លានដុល្លារ ដែលជាឥណទានសម្បទានទាំងស្រុងរបស់ ADB ដឹកនាំអនុវត្តដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ។
២-កម្មវិធីអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ច នាអនាគត៖ អនុកម្មវិធីទី១ មានគោលបំណងធ្វើឱ្យប្រសើរឡើង នូវអត្រាមានការងារធ្វើបច្ចុប្បន្ន និងទៅអនាគត តាមរយៈការធ្វើកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដើម្បីពង្រឹងការអភិវឌ្ឍជំនាញ។
កម្មវិធីនេះ នឹងពង្រឹងការបណ្តុះបណ្ដាលក្នុងវិស័យឧស្សាហកម្ម ប្រកបដោយបរិយាប័ន្ន ព្រមទាំងបង្កើនធនធានសម្រាប់ការអភិវឌ្ឍជំនាញ ដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការការងារ។ កម្មវិធីនេះ គ្រោង នឹងចំណាយថវិកាសរុប ១៣១.៣០លានដុល្លារ ក្នុងនោះ ឥណទានសម្បទានរបស់ ADB ប្រមាណ ១០០លានដុល្លារ ដែលដឹកនាំអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
សូមរម្លឹកថា កិច្ចសហប្រតិបត្តិការដែល ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤៩ប៊ីលានដុល្លារ ក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់សរុបចំនួនប្រមាណ ៤,៤ប៊ីលានដុល្លារ សម្រាប់អនុវត្តគម្រោង/ កម្មវិធីចំនួន១៣៧ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨លានដុល្លារ សម្រាប់អនុវត្តតម្រោង/ កម្មវិធី ចំនួន៧០៕
ដោយ៖ មឿន ឌីណា (Moeun Dyna)