ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ បើតាមសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានពន្ធដារចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣។ បើតាមការលើកឡើងរបស់ អគ្គនាយកដ្ឋានពន្ធដារ បានបន្តថា នពិនិត្យឃើញថា ក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។
អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ បើតាមការបញ្ជាក់ អគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ បានបន្តថា ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើ អចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយរួចផុតពីទណ្ឌកម្មរដ្ឋបាលដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ។
ក្នុងន័យនេះ អគ្គនាយកដ្ឋានពន្ធដារ បានដាសតឿនដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនិងប្រកាសបង់ប្រាក់ពន្ធនៅឡើយ ទៅចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។
ចំពោះម្ចាស់ អចលនទ្រព្យ ដែលបានចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ និងមានបណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ មេត្តាអញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យ បានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ឬ អាចបង់ប្រាក់ពន្ធតាម Online តាមរយៈកម្មវិធី GDT Taxpayer App ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store ឬនៅគ្រប់សាខាធនាគារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)