ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ បង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ មានតម្លៃ៤០លានដុល្លារ នៅខេត្តព្រះសីហនុ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តគម្រោងបង្កើតរោងចក្រនៅតាមបណ្ដាខេត្តនានាផងដែរ ដែលមានតម្លៃជាង ២៤លានដុល្លារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន CDC។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងបង្កើតរោងចក្រនៅតាមបណ្ដាខេត្តនានា ដែលមានទុនវិនិយោគសរុបជាង ៦៤លានដុល្លាររួមមានដូចខាងក្រោម៖
១-ក្រុមហ៊ុន “HUALE STEEL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៤០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។
២-ក្រុមហ៊ុន “WANGMAO (CAMBODIA) HOMEWARE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៣៦៩កន្លែង។
៣-ក្រុមហ៊ុន “JUSHI (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។
៤-ក្រុមហ៊ុន “STARBLAZE (CAMBODIA) PLASTIC & METAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក សម្ភារៈលំអ និងគ្រឿងបង្គុំ អេឡិកត្រូនិកធ្វើពីប្លាស្ទិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។
៥-ក្រុមហ៊ុន “CAMBODIAN LUHENG PET FOOD CO., LTD.” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសម្រាប់សត្វចិញ្ចឹម ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១១៩កន្លែង។
៦-ក្រុមហ៊ុន “ULTIMATE MOTION CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៥ កន្លែង។
៧-ក្រុមហ៊ុន “WANAN GAS CONTROL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងសម្ភារៈបរិក្ខារចង្ក្រានហ្គាស (Regulators, Valves, Hose...) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៦៩កន្លែង។
៨-ក្រុមហ៊ុន “HE DUI OPTOELECTRONICS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងអំពូលភ្លើង LED ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ១,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣០កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)