Register Already an agent ? Login

៨ខែដើមឆ្នាំ២០២៣ ពន្ធដារប្រមូលចំណូលបានជាង៧១% នៃផែនការ ខណៈសកម្មភាពសំខាន់ៗមួយចំនួនបានថមថយគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ លទ្ធផលនៃការប្រមូលចំណូល រយៈពេល ៨ខែ ដើមឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ បានចំនួន ៧១,៤១% នៃផែនការ ខណៈ សកម្មភាពសំខាន់ៗមួយចំនួនមានការថមថយគួរឱ្យកត់សម្គាល់។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ២៥ របស់អគ្គនាយកដ្ឋានពន្ធដារ។

រយៈពេល ៨ខែ ដើមឆ្នាំ២០២៣ ចំណូលពន្ធអាករដែលប្រមូលបានមានចំនួន ១០ ៣២៩,៧៨ប៊ីលានរៀល (ប្រមាណជា ២ ៥៥០,៥៦លានដុល្លារ) ស្មើនឹង ៧១,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះការលើកឡើងរបស់ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្ត បន្តរបស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានបន្តថា ក្នុងខែសីហា ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៦២ប៊ីលានរៀល (ប្រមាណជា ២៣៧,៥៣លានដុល្លារ)។

លោក បានគូសបញ្ជាក់ថា ទន្ទឹមនឹងនេះ គួរកត់សម្គាល់ឃើញថា ចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះសម្រាប់រយៈពេល៨ខែឆ្នាំ២០២៣ ធៀបនឹងគ្រាដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ កម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ ថយចុះ ២,២៨%, អចលនទ្រព្យ ថយចុះ ៩,០៦%, ការសាងសង់ ថយចុះ ២,១៥% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ថយចុះ ២៦,៧៦%។

រដ្ឋមន្ត្រីប្រតិភូ ក៏បានបន្ថែមថា ទោះជាយ៉ាងណាអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ពាក់ព័ន្ធនឹងពន្ធដារបន្ថែមមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សម្រាប់បន្តគ្រប់គ្រងផលប៉ះពាល់និងគាំទ្រការងើបឡើងវិញនៃ វិស័យទេសចរណ៍ វិស័យសំណង់ និងអចលនទ្រព្យ នៅក្នុងគោលបំណងបន្តកាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ព្រមទាំងបន្តជួយទ្រទ្រង់និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)