ភ្នំពេញ៖ អគ្គនាយកពន្ធដារ បានបើកចំហរឱ្យសាធារណជន និងអ្នកជាប់ពន្ធរាយការណ៍ ពីភាពអសកម្មរបស់មន្ត្រីរាជការពន្ធដារ ក្នុងការអនុវត្តច្បាប់។ បើតាមការបញ្ជាក់របស់ លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស លើប្រធានបទស្ដីពី "ការយល់ដឹងអំពីពន្ធដារ” នៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ក្នុងករណីមានមន្ត្រីរាជការពន្ធដារណាមួយប្រព្រឹត្តខុសពីគោលការណ៍ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន សាធារណជន ឬអ្នកជាប់ពន្ធត្រូវរាយការណ៍មកអគ្គនាយកដ្ឋានពន្ធដារ។
លោក គង់ វិបុល បានបន្តថា ជាពិសេស រាយការណ៍មក លោកផ្ទាល់ដោយមានភ្ជាប់ភស្តុតាងច្បាស់លាស់ត្រឹមត្រូវ នោះលោកនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងទៅលើបុគ្គលនោះ។ លោក រដ្ឋមន្ត្រីប្រតិភូ លើកឡើងបែបនេះ ចង់ប្រែក្លាយអង្គភាពពន្ធដារ ជាអង្គភាពស្អាតស្អំ ដើម្បីទទួលបានការជឿជាក់ពីសំណាក់សាធារណជន និងអ្នកជាប់ពន្ធ។
លោក ក៏បានគូសបញ្ជាក់ទៀតថា ការតិរិះគន់ក្នុងន័យស្ថាបនា គឺជាធាតុចូលក្នុងការកែទម្រង់ស៊ីជម្រៅរបស់អគ្គនាយកដ្ឋានពន្ធដារ និងកែលម្អអង្គភាពស្រប តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់។
លោក រដ្ឋមន្ត្រីប្រតិភូ ក៏បានបន្ថែមថា ចំពោះអ្នកជាប់ពន្ធណាដែលមិនពេញចិត្តលើការកំណត់ពន្ធឡើងវិញដោយសវនករពន្ធដារ អ្នកជាប់ពន្ធអាចប្តឹងតវ៉ាមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងករណីអ្នកជាប់ពន្ធនៅតែមិនពេញចិត្តលើការសម្រេចរបស់អគ្គនាយកដ្ឋានពន្ធដារ អាចបន្តប្តឹងតវ៉ាទៅគណៈកម្មាធិការដោះស្រាយវិវាទសារពើពន្ធ និងប្ដឹងទៅតុលាការ ស្របតាមគោលការណ៍ដែលមានស្រាប់៕
ដោយ៖ មឿន ឌីណា (Moeun Dyna)