Register Already an agent ? Login

ពន្ធដារ បញ្ជាក់គ្មានគោលការណ៍ណាមួយឪ្យយក កម្រៃសេវាក្រៅផ្លូវការ ឬឱ្យបង់ប្រាក់ពន្ធចូលគណនីបុគ្គលនោះទេ

ភ្នំពេញ៖ គ្មានគោលការណ៍ណែនាំណាមួយឱ្យយកកម្រៃសេវាក្រៅផ្លូវការនៅអគ្គនាយកដ្ឋាន ពន្ធដារ ឬតម្រូវឱ្យអ្នកជាប់ពន្ធបង់ប្រាក់ពន្ធចូលគណនីបុគ្គលរួចទើបផ្ទេរចូលគណនីរដ្ឋនោះទេ។

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា «គ្មានគោលការណ៍ណែនាំណាមួយឱ្យយកកម្រៃសេវាក្រៅផ្លូវការនៅអគ្គនាយកដ្ឋានពន្ធដារ ឬតម្រូវឱ្យអ្នកជាប់ពន្ធបង់ប្រាក់ពន្ធចូលគណនីបុគ្គលរួចទើបផ្ទេរចូលគណនីរដ្ឋនោះទេ»។

លោក រដ្ឋមន្ត្រីប្រតិភូ បញ្ជាក់ពីគោលជំហរដ៏ម៉ឺងម៉ាត់បែបនេះ បន្ទាប់ពីមានការលើកឡើងពីមជ្ឈដ្ឋានមួយចំនួនផ្ទុយពី កិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានពន្ធដារនាពេលកន្លងមក ក្នុងការបំពេញភារកិច្ចប្រមូលចំណូលបង់ ចូលថវិកាជាតិ។

គួរបញ្ចាក់ផងដែរថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារបានសហការជាមួយធនាគារពាណិជ្ជដៃគូចំនួន១០ ដែលមានសាខានៅទូទាំងប្រទេស ព្រមទាំងមានបញ្ជរធនាគារពាណិជ្ជនៅតាមបណ្ដាសាខាពន្ធដារខេត្ត-ខណ្ឌ និងនៅ អគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្តល់សេវាទទួលប្រាក់ពន្ធអាករពីអ្នកជាប់ពន្ធ ដោយមិនអនុញ្ញាតឱ្យមន្ត្រីរាជការ ពន្ធដារទទួលប្រាក់ពន្ធអាករពីអ្នកជាប់ពន្ធឡើយ។

មិនតែប៉ុណ្ណោះ អគ្គនាយកដ្ឋានពន្ធដារ បើកទូលាយឱ្យ សាធារណជន ឬអ្នកជាប់ពន្ធដែលមានចម្ងល់ ឬសំណូមពរផ្សេងៗ អាចទាក់ទងមកអគ្គនាយកដ្ឋានពន្ធដារ តាមគ្រប់មធ្យោបាយ ទាំងមកជួបពិគ្រោះយោបល់ផ្ទាល់ជាមួយមន្ត្រីជំនាញ ឬតាមមធ្យោបាយអេឡិចត្រូនិក មានជាអាទិ៍តាមរយៈមជ្ឈមណ្ឌលពិគ្រោះយោបល់តាមទូរស័ព្ទ លេខ១២៧៧ ដោយឥតគិតថ្លៃ ឬកម្មវិធី ជជែកផ្ទាល់ជាមួយពន្ធដារ-GDT Live Chat ឬអាចជជែកដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារតាមកម្មវិធី "ពន្ធដារកម្ពុជា" ជាដើម។

លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ តែងតែបែងចែកពេលវេលា ដើម្បីបានជួបផ្ទាល់ជាមួយសាធារណជន និងអ្នកជាប់ពន្ធក្នុងវេទិកានានា ក្នុងគោលបំណងទទួលជ្រាបពីបញ្ហាប្រឈម និងសំណូមពរ ឬធាតុចូលសំខាន់ៗពីអ្នកជាប់ពន្ធក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ សម្រាប់កែលម្អចំណុចខ្វះខាតឈានទៅរកការផ្តល់សេវា ប្រកបដោយភាពជឿទុកចិត្តជូនអ្នកជាប់ពន្ធ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)