កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩៣៧បណ្ណ ជូនដល់ប្រជាពលរដ្ឋនៅភូមិព័ន្ធទី១ ឃុំខ្ចៅ ក្នុងស្រុមកងមាស ចំនួន ៤៤៣គ្រួសារ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
បណ្ណកម្មសិទិ្ធដីធ្លី ដែលបងប្អូនពលរដ្ឋទទួលបាននៅថ្ងៃនេះវាជាឯកសារដ៏មានសំខាន់បញ្ជាក់អំពីកម្មសិទិ្ធករផ្តាច់មុខនោះលើដីធ្លី ដោយគ្មានអ្នកណាហានរំលោភបំពានយកបានឡើយ។ ជាការលើកឡើងរបស់ លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា បងប្អូនមានសិទ្ធិគ្រប់យ៉ាងលើការអាស្រ័យផល ក្នុងការលក់ដូរ ការផ្ទេរទៅអ្នកដទៃ ការដាក់ធានាខ្ចីប្រាក់ ការផ្ទេរមរតកទៅឱ្យកូនចៅ ដោយអនុលោមតាមការកំណត់នៃច្បាប់។
នាឱកាសនោះ លោក អភិបាលខេត្ត ក៏បានការណែនាំនិងសំណូពរដល់ប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិករក្រោយទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារនូវបណ្ណកម្មសិទ្ធិរបស់ខ្លួនស្របតាមគតិយុត្តនៃច្បាប់បញ្ជាក់ជានាមម្ចាស់ទ្រព្យឱ្យបានគង់វង់ល្អ។
ជាមួយគ្នានោះ លោក ក៏បានសំណូមពរដល់គ្រប់សមាសភាព នៃអាជ្ញាធរពាក់ព័ន្ធទាំងអស់រួមនឹងប្រជាពលរដ្ឋជាម្ចាស់ដីសហការជាមួយក្រុមការងារជំនាញ ដើម្បីឱ្យការចុះបញ្ជីដីធ្លី សម្រេចបានជោគជ័យ ប្រកបដោយតម្លាភាព រួមចំណែកឆ្លើយតបសម្រេចផែនការរបស់រាជរដ្ឋាភិបាលក្នុងការចុះបញ្ជីដីធ្លីជូនដល់ប្រជាពលរដ្ឋ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)