ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីនាំ ការពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតា (Commercial Invoice) ដោយបានបញ្ជាក់ថា មានសហគ្រាសមួយចំនួនដែលមានសកម្មភាពអាជីវកម្មផ្គត់ផ្គង់ទំនិញ ដែលមានលក្ខណៈជាការលក់រាយ ច្រើនមុខនូវទំនិញមានតម្លៃទាប និងមានប្រតិបត្តិការច្រើនប្រចាំថ្ងៃមិនទាន់អនុវត្តបានត្រឹមត្រូវនៅឡើយ ជាពិសេស សហគ្រាសប្រកបអាជីវកម្មហាងទំនិញលក់រាយ និងស្ថានីយប្រេងឥន្ធនៈ ឬឧស្ម័នហ្គាស។
បើតាមសេចក្ដីនាំចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ទៀតថា ក្នុងគោលបំណងពង្រឹងការអនុវត្តវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតាឱ្យមានសង្គតិភាព ស័ក្ដិសិទ្ធិភាព និងត្រឹមត្រូវស្របច្បាប់និងលិខិតបទដ្ឋានគិតយុត្តស្តីពីពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំបន្ថែម អំពីវិធាននៃការប្រើប្រាស់វិក្កយបត្រធម្មតា សម្រាប់សហគ្រាសប្រកបអាជីវកម្មហាងទំនិញលក់រាយ និងស្ថានីយ ប្រេងឥន្ធនៈឬឧស្ម័នហ្គាស ចំពោះការផ្គត់ផ្គង់ទៅឱ្យអ្នកប្រើប្រាស់ចុងក្រោយ ដូចខាងក្រោម៖
១. សហគ្រាសប្រកបអាជីវកម្មហាងទំនិញលក់រាយ
ក-រាល់ប្រតិបត្តិការផ្គត់ផ្គង់នីមួយៗ សហគ្រាសត្រូវចេញវិក្កយបត្រធម្មតា ទោះបីជាការចេញវិក្កយបត សរសេរដោយដៃ ឬម៉ាស៊ីនគិតលុយតាមប្រព័ន្ធ POS ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀត និង ត្រូវប្រើទម្រង់ជាវិក្កយបត្រដែលមានលេខរៀងវិក្កយបត្រ និងមាននិទ្ទេសសំខាន់ៗ ស្របតាមវិធាន នៃការប្រើប្រាស់វិក្កយបត្ររបស់អគ្គនាយកដ្ឋានពន្ធដារ ដូចមានក្នុងឧបសម្ព័ន្ធ១ ភ្ជាប់មកជាមួយ។
ខ-សហគ្រាសត្រូវរៀបចំបណ្ណទទួលចំណូល (Recelpt Voucher) សរុបប្រចាំថ្ងៃ ដោយបូកសរុបវិក្កយបត្រដែលបានចេញប្រចាំថ្ងៃ (សម្រាប់ប្រើប្រាស់ផ្ទៃក្នុង)។ ក្នុងករណីសហគ្រាសប្រើប្រាស់ ម៉ាស៊ីនគិតលុយតាមប្រព័ន្ធ POS ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀតលើសពីមួយ សហគ្រាសត្រូវរៀបចំបណ្ណទទួលចំណូល (Receipt Voucher) ទៅតាមប្រព័ន្ធ POS ឬតាមប្រព័ន្ធអេឡិចត្រូនិកផ្សេងទៀត នីមួយៗដាច់ដោយឡែកពីគ្នា។ ទម្រង់បណ្ណទទួលចំណូលប្រចាំថ្ងៃ ត្រូវមានការិយបរិច្ឆេទ និងលេខរៀងជាលំដាប់ពេញមួយឆ្នាំ ដោយត្រូវមានព័ត៌មានលម្អិតនូវលេខសម្គាល់ម៉ាស៊ីនគិតលុយ ចំនួនវិក្កយបត្រប្រចាំថ្ងៃដែលបានចេញ (លេខរៀងចាប់ផ្តើម និងលេខរៀងចុងក្រោយប្រចាំថ្ងៃ) និងចំនួនទឹកប្រាក់សរុប។
គ-សម្រាប់គោលដៅនៃការប្រកាសពន្ធប្រចាំខែ ត្រូវបានអនុញ្ញាតឱ្យប្រកាសចំណូលពីប្រតិបត្តិការ លក់តាមលេខបណ្ណទទួលចំណូលប្រចាំថ្ងៃនីមួយៗ ដោយបញ្ចូលព័ត៌មានក្នុងប្រអប់បរិយាយនៃ ប្រព័ន្ធប្រកាសពន្ធអាជីវកម្មប្រចាំខែតាមអនឡាញ (e-Filing) នូវលេខរៀងវិក្កយបត្រប្រចាំថ្ងៃ (លេខរៀងចាប់ផ្តើម និងលេខរៀងចុងក្រោយប្រចាំថ្ងៃ) និងលេខម៉ាស៊ីនគិតលុយ (ក្នុងករណីចេញ វិក្កយបត្រតាមម៉ាស៊ីនគិតលុយ)។ ទន្ទឹមនេះ សហគ្រាសត្រូវមានឯកសារភស្តុតាងទាក់ទិននឹង ប្រតិបត្តិការលក់ ដែលអាចត្រួតពិនិត្យបានសម្រាប់គោលដៅពន្ធដារ។
២. សហគ្រាសប្រកបអាជីវកម្មស្ថានីយប្រេងឥន្ធនៈ ឬឧស្ម័នហ្គាស
ក-រាល់ប្រតិបត្តិការផ្គត់ផ្គង់នីមួយៗ សហគ្រាសត្រូវចេញវិក្កយបត្រធម្មតា ទោះបីជាការចេញវិក្កយបត្រ សរសេរដោយដៃ ឬម៉ាស៊ីនគិតលុយតាមប្រព័ន្ធអេឡិចត្រូនិក និងត្រូវប្រើទម្រង់ជាវិក្កយបត្រ ដែលមានលេខរៀងវិក័យបត្រ និងមាននិទ្ទេសសំខាន់ៗ ស្របតាមវិធាននៃការប្រើប្រាស់វិក្កយបត្រ របស់អគ្គនាយកដ្ឋានពន្ធដារ។
ខ-សហគ្រាសត្រូវរៀបចំប័ណ្ណទទួលចំណូល (Recelpt Voucher) សរុបប្រចាំថ្ងៃ ដោយបូកសរុប វិក្កយបត្រដែលបានចេញប្រចាំថ្ងៃ ទៅតាមទូឬម៉ាស៊ីនចាក់សាំងនៃស្ថានីយនីមួយៗដាច់ដោយឡែក ពីគ្នា។ ក្នុងករណីសហគ្រាសចេញវិក្កយបត្រតាមម៉ាស៊ីនគិតលុយរួមតែមួយ ត្រូវរៀបចំបណ្ណទទួលចំណូល (Recelpt Voucher) សរុបប្រចាំថ្ងៃរួមតែមួយ។ ទម្រង់បណ្ណទទួលចំណូលសរុបប្រចាំថ្ងៃ ត្រូវមានការិយបរិច្ឆេទ និងលេខរៀងជាលំដាប់ពេញមួយឆ្នាំ ដោយត្រូវមានព័ត៌មានលម្អិតនូវ ចំនួនវិក្កយបត្រប្រចាំថ្ងៃដែលបានចេញ (លេខរៀងចាប់ផ្តើម និងលេខរៀងចុងក្រោយប្រចាំថ្ងៃ) លេខសម្គាល់ទូឬម៉ាស៊ីនចាក់សាំង លេខកុងទ័រ (លេខចាប់ផ្តើម និងលេខចុងក្រោយប្រចាំថ្ងៃ) និងចំនួនទឹកប្រាក់សរុប។
គ-សម្រាប់គោលដៅនៃការប្រកាសពន្ធប្រចាំខែ ត្រូវបានអនុញ្ញាតឱ្យប្រកាសចំណូលពីប្រតិបត្តិការលក់តាមលេខបណ្ណទទួលចំណូលសរុបប្រចាំថ្ងៃនីមួយៗ ដោយបញ្ចូលព័ត៌មានក្នុងប្រអប់ បរិយាយនៃប្រព័ន្ធ e-Filing នូវលេខរៀងវិក្កយបត្រប្រចាំថ្ងៃ (លេខរៀងចាប់ផ្តើម និងលេខរៀង ចុងក្រោយប្រចាំថ្ងៃ) និងលេខទូឬម៉ាស៊ីនចាក់សាំង។ ទន្ទឹមនេះ សហគ្រាសត្រូវមានឯកសារ ភស្តុតាងទាក់ទិននឹងប្រតិបត្តិការលក់ដែលអាចត្រួតពិនិត្យបាន សម្រាប់គោលដៅពន្ធដារ។
អនុលោមតាមមាត្រា៧៨ និងមាត្រា៧៩ នៃច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ និងប្រកាសលេខ ៧២៣ សហវ.ប្រក ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ស្ដីពីវិធាននៃការប្រើប្រាស់វិក្កយបត្រ អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ត្រូវចេញវិក្កយបត អាករ (Tax Ircice) ទៅឱ្យអ្នកទិញដែលជាអ្នកជាប់ពន្ធស្ថិតនៅក្រោមរបបស្វ័យប្រកាស និងត្រូវចេញវិក្កយបត្រធម្មតា (Commercial Invoice) ទៅឱ្យអ្នកទិញដែលមិនស្ថិតនៅក្រោមរបបស្វ័យប្រកាស។
ដោយឡែក ចំពោះអ្នកជាប់ពន្ធតូចត្រូវចេញវិក្កយបត្រធម្មតា (Commercial Involce) ទៅឱ្យអ្នកទិញទាំងអស់ ទោះបីជាអ្នកទិញទាំងអស់ នោះជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ឬមិនស្ថិតនៅក្រោមរបបស្វ័យប្រកាសដែលជាអ្នកប្រើប្រាស់ចុងក្រោយ ក៏ដោយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)