Register Already an agent ? Login

សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគនិងSMEs ជប៉ុនបន្ថែមទៀត រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សកម្ពុជា

ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត។

ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក តាកាហាស៊ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។

នាឱកាសនោះ លោក រដ្ឋមន្ត្រីលើកឡើងថា ប្រទេសជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការនាំមកសន្តិភាពនៅកម្ពុជា ហើយរាជរដ្ឋាភិបាលប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការដល់កម្រិតដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ចំពោះ រំហូរពាណិជ្ជករជប៉ុនបានចូលមកវិនិយោគកាន់តែច្រើនលើគ្រប់វិស័យ និងបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើន ដែលនេះជាការបង្ហាញពីសក្តានុពល និងភាពទាក់ទាញរបស់កម្ពុជា។

វត្តមានរបស់អ្នកវិនិយោគជប៉ុនយ៉ាងច្រើនបែបនេះ ជាការជំរុញទាក់ទាញអ្នកវិនិយោគប្រទេសដទៃមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀតផងដែរ។ បើតាមការបញ្ជាក់របស់ លោក ហេង សួរ បាន

ក៏បានស្នើដល់ខាងភាគីជប៉ុនសហការលើការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាការងារ និងឱកាសការងារដែលស្របទៅនឹងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី។

ពិសេស គឺការផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់មកពីក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈការបន្តគាំទ្រស្ថាប័ន TVET ដែលកំពុងសហការស្រាប់ជាមួយភាគីជប៉ុន។

លើសពីនេះ លោក ហេង សួរ បានបន្តស្នើដល់ភាគីជប៉ុនសូមជួយទាក់ទាញសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុន ដើម្បីចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ដែលការណ៍នេះបានបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនជប៉ុនក្នុងការជំរុញការអភិវឌ្ឍនៃប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ហ្វ៊ូមីអាគិ និងប្រតិភូដែលជាសមាជិករបស់សមាគម JCA បានទទួលយកសំណូមពរនេះ និងបានបញ្ជាក់ថា រថយន្តដែលផលិតនៅប្រទេសជប៉ុនបានចរាចរណ៍នៅកម្ពុជាមានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាលលើជំនាញថែទាំ និងជួសជុលរថយន្តទាំងនោះ ទៅដល់យុវជនកម្ពុជាឱ្យកាន់តែមានសមត្ថភាព។ ជាមួយគ្នានេះដែរ ភាគីជប៉ុនក៏ចង់ផ្តល់ការបណ្តុះបណ្តាលជំនាញកែសម្ជស្ស ដែលជាជំនាញមួយកំពុងតែពេញនិយម និងអាចផ្តល់ចំណូលបានប្រសើរផងដែរ។

បន្ថែមពីលើនេះ លោក ហេង សួរ ក៏បានស្នើឱ្យសមាគមជប៉ុន-កម្ពុជា (JCA)​ ពិនិត្យលទ្ធភាពក្នុងការបើកទីស្នាក់ការរបស់ខ្លួននៅប្រទេសកម្ពុជា ដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកវិនិយោគជប៉ុន និងអ្នកវិនិយោគកម្ពុជា ខណៈឯកឧត្តមរដ្ឋមន្ត្រីសន្យាជួយសម្របសម្រួលឱ្យអស់លទ្ធភាពលើកិច្ចការនេះ។

នាឱកាសនោះ លោក រដ្ឋមន្រ្តី ថែមទាំងបានបញ្ជាក់ពីឆន្ទៈក្នុងការផ្ដល់កិច្ចសហប្រតិបត្តិជាមួយភាគីជប៉ុន នៅពេលដែលប្រតិភូវិនិយោគជប៉ុនមកទស្សនកិច្ចនៅប្រទេសកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ពោលនឹងត្រៀមចាំសម្របសម្រួលដំណើរទស្សនកិច្ចទៅកាន់តំបន់សក្តានុពលសម្រាប់ការបង្កើតអាជីវកម្ម ក៏ដូចជាជួយសហការក្នុងការជ្រើសរើស និងបណ្ដុះបណ្ដាលកម្មករនិយោជិត ត្រៀមខ្លួនមុនចូលបម្រើការងារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)