ភ្នំពេញ៖ ស្ពានបេតុងខ្សែកាប ភ្ជាប់ពីទីក្រុងកោះពេជ្រ ស្ថិតក្នុងខណ្ឌចំការមន ទៅទីក្រុងកោះនរា ក្នុងខណ្ឌច្បារអំពៅ បានចាក់បេតុងតភ្ជាប់ស្ពានឆ្លង ដើម្បីជំរុញការងារបញ្ចប់សម្រាប់សម្រួលការធ្វើដំណើរបស់ប្រជាពលរដ្ឋ គ្រោងដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC អញ្ជើញអធិបតីភាព ក្នុងពិធីភ្ជាប់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
នៅក្នុងពិធីខាងលើ លោក ឃួង ស្រេង បានថ្លែងញ្ជាក់ថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ នឹងដាក់ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ននៅថ្ងៃទី ២៧តុលាឆ្នាំ២០២៣ ខាងមុខនេះ។
លោក ឃួង ស្រេង បានបន្តថា ការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្នើសុំទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអធិបតីភាព ក្នុងពិធីដាក់ឱ្យធ្វើរាចរណ៍លើស្ពាននេះ ជាបណ្តោះអាសន្នអបអរសាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ នៅក្នុងខែវិច្ចិកា ឆ្នាំ២០២៣។ លោក បានញ្ជាក់ថាទៀតថា ការបើកឱ្យដំណើរនៅស្ពានខាងលើនេះ វានឹងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស។
ស្ពាននេះ មានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤.៥០ម៉ែត្រ មាន៤គន្លង គឺ២គន្លង សម្រាប់រថយន្ត ១គន្លង សម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ ស្ពាននេះ បានបើកការដ្ឋានដំណើរការសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ប្រើពេល ៣៥ខែ និងចំណាយទុនវិនិយោគ ៣៨លានដុល្លារ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ដោយឡែក ស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លារ។ ស្ពានបេតុងខ្សែកាប ១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ជាពិសេស ជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។
សូមបញ្ជាក់ថា កោះនរា ស្ថិតនៅក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្ន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)