កណ្ដាល៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង មានប្រវែង ១៣៥.២៥គីឡូម៉ែត្រ ត្រូវបានបែងចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមសាងសង់ចេញពីចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ ធ្លាម្អម (ខេត្តពោធិ៍សាត់) គ្រោងចំណាយថវិកាប្រមាណ ២៤៦.៣៥លានដុល្លារ គិតរហូតមកទល់ពេលនេះសម្រេចបាន ៩០%ហើយ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣។ បើតាមការចុះពិនិត្យ របស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ការចុះពិនិត្យ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង និងគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោក ប៉េង ពោធិ៍នា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងបច្ចុប្បន្ន សម្រេចលទ្ធផលបានជាង ៩០%ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែលជាស្ពានធំមានរហូតដល់ទៅ ៤គន្លង (២គន្លងទៅ និង២គន្លងមក) រំពឹងថានឹងរួចរាល់ដំណាលគ្នា ជាមួយនឹងគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៥ខាងលើ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងទេសចរណ៍ ពិសេសកាត់បន្ថយការកកស្ទះនៅទីប្រជុំជនក្រុងពោធិ៍សាត់។
បើតាមសៀវភៅបន្ទុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារ។
ការងារស្ថាបនាត្រូវបានបែងចែកជា ៣ផ្នែកធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ មានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី ២គន្លង ទៅ៤គន្លង ទទឹង ២៣ម៉ែត្រ មានប្រវែងសរុប ៣០៤គីឡូម៉ែត្រ ក្រាលជំនួសដោយបេតុងកៅស៊ូ (AC) និងមានសួរច្បារកណ្តាល។ ក្នុងនោះ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។
គូសបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដូចជា៖ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕
ដោយ៖ មឿន ឌីណា (Moeun Dyna)