ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កូរ៉េ ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ មានទឹកប្រាក់ ៥០៤លានដុល្លារ បានធ្លាក់ចុះ ៨,៤% បើធៀបនឹងឆ្នាំ២០២២ ដែលមានទឹកប្រាក់ ៥៥០លានដុល្លារ។ នេះបើតាមស្ថិតិជញ្ជីងពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
កម្ពុជា នាំទំនិញទៅប្រទេសកូរ៉េ ចំនួន ១៨៩,៣៨លានដុល្លារ កើនឡើង ២០,៩% ខណៈ កូរ៉េ នាំទំនិញមកកម្ពុជាវិញ ចំនួន ៣១៤,៣៧លានដុល្លារ ធ្លាក់ចុះ ២០,១%។ បើតាមការបន្តនៅក្នុងស្ថិតខាងលើ។
បើតាមស្ថិតិខាងលើ បានបន្តទៀតថា សម្រាប់ខែសីហា ឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរប្រទេសទាំងពីរ មានទឹកប្រាក់សរុប ៥៦,៦៩លានដុល្លារ បានធ្លាក់ចុះ ៩,២៣% បើធៀបនឹងខែសីហា ឆ្នាំ២០២២ ក្នុងនោះ កម្ពុជានាំទៅកូរ៉េ ២៤,៦៤លានដុល្លារ កើន ១៦,៦% ខណៈ កូរ៉េនាំមកកម្ពុជាវិញ ៤១,៣២លានដុល្លារ បានធ្លាក់ចុះ ២២,៤%។
គួរសម្លឹកថា ក្នុងឆ្នាំ២០២២ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៧៨,៩២៤លានដុល្លារ កើន ០,៦% បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះ កម្ពុជានាំចេញ ចំនួន ២៣៣,៦៣៨លានដុល្លារ កើន ២០,៤% ខណៈ កូរ៉េ នាំចូល ចំនួន ៥៤៥,២៨៦លានដុល្លារ ធ្លាក់ចុះ ៦%។
គូសបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានាធិបតីកូរ៉េ លោក Yoon SokYeol នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពនឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យសក្តានុពលមួយចំនួនដូចជា៖ ការវិនិយោគ ពាណិជ្ជកម្ម, កសិកម្ម សុខភាពសាធារណៈ ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ជាមួយគ្នានេះភាគីកូរ៉េ ក៏បានសន្យានឹងពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជាធ្វើការនៅក្នុងប្រទេសកូរ៉េ និងបន្តលើកទឹកចិត្តដល់ក្រុមហ៊ុនកូរ៉េឱ្យមកវិនិយោគនៅកម្ពុជាផងដែរ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)