ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរកម្ពុជា-ចិន រយៈពេល ៨ខែឆ្នាំ២០២៣ សម្រេចបាន ៧០៩៣.៥៩លានដុល្លារ កើនឡើង ១,៨% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ផលិតផលសំខាន់របស់កម្ពុជា នាំចេញទៅកាន់ប្រទេសចិន រួមមាន៖ សម្លៀកបំពាក់ ស្បែក ជើង ផលិតផល វាយនភណ្ឌ ផ្សេងៗ គ្រឿង អេឡិចត្រូនិក ផ្នែក រថយន្ត កង់ កិន សំបក កៅស៊ូ ស្ពៃ ស្ពៃ ស្លា ។ល។ នេះបើតាមទិន្នន័យខាងលើ។
បើតាមទិន្នន័យខាងលើបានបន្តទៀតថា ការនាំចូលរបស់កម្ពុជា រួមមាន៖ ថ្នាំ និង គ្រឿងផ្សំ បារី ស្រាបៀរលាយ ស្រាក្រឡុក ភេសជ្ជៈ ទន់ ភេសជ្ជៈ ប៉ូវ ជាតិ ស្ករ ចម្អិន ប្រេង ល្ហុង គ្រឿង ក្រអូប ជាដើម។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ត្រូវរំពឹងថានឹងកើនឡើងបន្ថែមទៀត ខណៈ លោកស្រី ចុង ជី ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអមស្ថានទូតចិនប្រចាំកម្ពុជា សន្យានឹងខិតខំណែនាំឱ្យវិនិយោគិនរបស់ខ្លួន ឱ្យមកបណ្តាក់ទុននៅកម្ពុជាថែមទៀត។ ការសន្យានេះ លើកឡើងក្នុងជំនួបជាមួយនឹង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមជំនួបនេះ លោក ជា វិទ្ធី បានសម្តែងសុទិដ្និនិយមថា កិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា-ចិន នឹងសម្រេចបានផ្លែផ្កាល្អថែមទៀត ខណៈកន្លងមកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មចិន ក៏មានអនុស្សរណៈនៃការយោគយល់គ្នាលើការបង្កើតយន្តការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច។
នៅពេលខាងមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអាជ្ញាធរចិន ក៏គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាចំនួន៦ បន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគគ្រប់ជ្រុងជ្រោយដែលមានវិសាលភាពគ្របដណ្តប់លើការជំរុញវិនិយោគនៅក្នុងវិស័យឌីជីថល, ឧស្សាហូបនីយកម្មប្រភេទថ្មី, ការអភិវឌ្ឍបៃតង និងការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្ម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះគឺដើម្បីរៀបចំថ្នាលផ្តល់កិច្ចសម្រួលវិនិយោគប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលដល់វិនិយោគិន ជាពិសេសវិនិយោគិនចិន។
គូសបញ្ជាក់ថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មអន្តរជាតិធំជាងគេរបស់កម្ពុជា ដោយមានចំណែក ២៥,៦១% នៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា រយៈពេល ៧ខែ ឆ្នាំ២០២៣ ដែលមានចំនួន ២៧ ៧០០,៣៦ លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)