Register Already an agent ? Login

អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣

កម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាសប្រមាណ ៣.៤លាននាក់ មានជើងហោះហើរមានចំនួន ៣៣​ ១៤៦ជើង (ចលនាទ្វេទិស) កើនឡើង ១១៤% បើធៀបទៅនឹងឆ្នាំ២០២២។ បើតាមការលើកឡើងរបស់ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងបន្តថា ការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសវិញ មានចំនួនជាង ៣៤​ ៨៨១តោន ថយចុះជាង ១០% បើធៀបទៅនឹងឆ្នាំ២០២២​។

ប្រទេសកម្ពុជា ត្រូវបានព្យាករថានឹងទាក់ទាញអ្នកធ្វើដំណើរ តាមផ្លូវអាកាសបានប្រមាណ ៤,៦លាននាក់ នៅឆ្នាំ២០២៣ ពោលគឺនឹងកើនឡើងពី ២,៣៨លាននាក់ កាលពីឆ្នាំ២០២២។ បើតាមការបន្ថែមរបស់ លោក ស៊ីន ចាន់សិរីវុត្ថា។

បើតាមអ្នកនាំពាក្យដដែល បានបន្ថែមទៀតថា ចំនួនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនឡើងទ្វេដង ដោយសារការបើកដំណើរការឡើងវិញរបស់ប្រទេ​សចិននៅដើមឆ្នាំ២០២៣ ដែលបានបញ្ចូលកម្លាំងរុញច្រានថ្មី ទៅក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍។

គូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយ នៅលើពិភពលោក នឹងចាប់ផ្តើមបើកជើងហោះហើរមកកម្ពុជាឡើងវិញ នៅចុងខែតុលា ឆ្នាំ២០២៣នេះ។

ជាមួយគ្នានេះ កម្ពុជា កំពុងស្នើដល់ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ANA ​ពិនិត្យលទ្ធភាព​បើកជើងហោះហើរជាមួយកម្ពុជាឡើងវិញ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីខកខានអស់ពេល៤ឆ្នាំ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។

អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងដាក់ឱ្យដំណើរនៅថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីទទួលអ្នកដំណើរ​តាមផ្លូវអាកាសបន្ថែម៕

ដោយ៖ មឿន ឌីណា (Moeun Dyna)