Register Already an agent ? Login

ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​ដៃគូ​អន្តរជាតិ​ សម្រេចបានទឹកប្រាក់ជិត៣២ពាន់លានដុល្លារ ធ្លាក់ចុះ១៤% ឆ្នាំ២០២៣

ភ្នំពេញ៖ ​កម្ពុជាការធ្វើពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ មានទឹកប្រាក់ ៣១,៩៧២លានដុល្លារ ធ្លាក់ចុះ១៤.៥% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២២ មាន​ជាង ៣៧​ពាន់​លាន​ដុល្លារ​។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យខាងលើ បានបន្តថា ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ចំនួន ១៥,៦៩ពាន់​លាន​ដុល្លារ កើន ០,៣២% ចំណែក​ការនាំ​ចូល​មាន​ជាង ១៦ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ២៥,២​%​។

ទំនិញ កម្ពុជាបាននាំចេញរួមមាន៖ ​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ ដែលធ្វើឡើងពីក្រណាត់ ៤.៥ពាន់លានដុល្លារ ថយចុះ ២០​.៩%, ​ម៉ាស៊ីន និងឧបករណ៍អគ្គិសនី​ជាង ១ពាន់លានដុល្លារ កើនឡើង៩៨.៥%,​ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ នៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរឬមួយ មានតម្លៃជាង ១.៨ពាន់លានដុល្លារ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូមាន ៣០៨លានដុល្លារ កើនឡើង ៥៥.៣% និងបន្លែដែលអាចបរិភោគបាន និងនឹងមើមមួយចំនួនមាន ៣៣២លានដុល្លារ កើនឡើង ២២.៣%។

ភ្នំពេញប៉ុស្តិ៍ បានស្រង់សំដី លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថា ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ គឺជា​បញ្ហា​សកល ប៉ុន្តែ​អ្វីដែល​លោក​ចាប់អារម្មណ៍ គឺ​កំណើន​ការនាំ​ចេញ​របស់​កម្ពុជា​ក្នុងដំណាក់កាល​ដែល​សេដ្ឋកិច្ចពិភពលោក​កំពុងតែ​ជួប​វិបត្តិ​។

លោក បាន​គូសបញ្ជាក់ថា មូលហេតុ​ដែល​ជួយ​ឱ្យ​ការ​នាំចេញ​របស់​កម្ពុជា​កើនឡើង គឺ​ដោយ​សារ​គុណភាព​ទំនិញ​កម្ពុជា​ល្អ និង​មានតម្លៃ​សមត្ថភាព​ប្រកួតប្រជែង​។ កំណើន​ទឹកប្រាក់​នាំ​ចេញពី​កម្ពុជា គឺ​បាន​មួយចំណែក​ពី​ការនាំចេញ​ផលិត​ផល​កសិកម្ម ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅ​ទីផ្សារ​អន្តរជាតិ​។

សូមរម្លឹកថា នៅ​ឆ្នាំ​២០២២ ទឹកប្រាក់​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មាន​ចំនួន​សរុប​ជាង ៥២,៤​ពាន់​លាន​ដុល្លារ កើនឡើង ៩,២% ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​ជាង ៤៨​ពាន់​លាន​ដុល្លារ​។

ទឹកប្រាក់​ដែល​កម្ពុជា​ប្រមូលបាន​ពី​ការនាំ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ជាង ២២,៤​ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៤% និង​ទំនិញ​កម្ពុជា​នាំចូល​ពី​ទីផ្សារ​អន្តរជាតិ​ជិត ៣០​ពាន់​លាន​ដុល្លារ កើនឡើង ៤,៣%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)