ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣ ប្រទេសកម្ពុជាបាននាំចេញអង្ករបានជិត ៥៨% នៃផែនការ ៧០ម៉ឺនតោន ដែលគិតជាទឹកប្រាក់ ២៧៨.៦៥លានដុល្លារ។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមរបាយការណ៍ចខាងលើ ទឹកប្រាក់ ២៧៨.៦៥លានដុល្លារ ដែលទទួលបានពីការនាំចេញអង្ករចំនួន ៤០១ ៦៩៩តោន ដោយក្រុមចំនួន៥៥ នាំអង្ករចេញទៅ ៥៦គោលដៅ។
ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត បាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេមានចំនួន ១៤៣ ៨១៨តោន គិតជាទឹកប្រាក់បានចំនួន ៩១.៦៤លានដុល្លារ។ ជាមួយគ្នា ២៦ប្រទេសក្នុងទ្វិបអឺរ៉ុប ចំនួន ១៦៤ ៦៨២តោន គិតជាទឹកប្រាក់ ១១៣.៧៣លានដុល្លារ និងចំនួន ៥ប្រទេស ជាសមាជិកអាស៊ាន ចំនួន ៣៦ ៦៩២តោន គិតជាទឹកប្រាក់ចំនួន ២៣.៦៤លានដុល្លារ។
ជាមួយគ្នានេះដែរ ២២ប្រទេសផ្សេងទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន ៥៦ ៥០៧តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤៩.៥៨លានដុល្លារ។
ប្រភេទអង្ករនាំចេញ អង្ករក្រអូបគ្រប់ប្រភេទចំនួន ៨១.៩៣%, អង្ករស ចំនួនជិត ១២.៩៩%, អង្ករចំហ៊ុយ ៣.៣៣%, អង្ករសរីរាង្គចំនួន ១.៧៣% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២%។
ក្នុងនោះ ក៏មានការនាំចេញស្រូវចំនួន ២ ៩២៩ ០៤៣តោន គិតជាទឹកប្រាក់បានប្រមាណជា ៨១៤.១៧លានដុល្លារ ដែលក្នុងនោះជាង ៥៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕
ដោយ៖ មឿន ឌីណា (Moeun Dyna)