Register Already an agent ? Login

ពន្ធដារ៖ ១៣ចំណុច ដែលអ្នកជាប់ពន្ធមិនត្រូវធ្វើ ដើម្បីចៀសផុតពីការពិន័យទោសប្បញ្ញត្តិពីរដ្ឋបាលសារពើពន្ធ

ភ្នំពេញ៖ យោងតាមមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ នឹងត្រូវទទួលការ ផាកពិន័យជាប្រាក់ ៥ លានរៀល ដល់ ១០ លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។

១៣ចំណុច ដែលត្រូវបានចាត់ជា អំពើរាំងស្ទះរួមមានដូចខាងក្រោម៖

១-ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្តីពីសារពើពន្ធនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត

២-ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី

៣-ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ

៤-ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ

៥ ការមិនបានចេញវិក្កយបត្រ

៦ ការមិនផ្ដល់ព័ត៌មាន ឬមិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ

៧-ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ចិកាគណនេយ្យឬឯកសារផ្សេងៗ

៨-ការមិនបានរក្សាបញ្ចិកាគណនេយ្យនិងឯកសារផ្សេងៗទៀត

៩-ការព្យាយាមរារាំងការកំណត់និងការប្រមូលពន្ធ

១០-ការកសាងឬផ្តល់នូវកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំ

១១-ការលាក់ទុកឬបំផ្លាញចោលដោយចេតនានូវបញ្ជីកាគណនេយ្យ កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានផ្សេងៗ

១២-ការចេញវិក័យបត្រក្លែងបន្លំ

១៣-ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធចូលគ្រឹះស្ថានអាជីវកម្មដើម្បីកំណត់និងប្រមូលពន្ធ។

បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ពី ៥លានរៀល ដល់ ១០លានរៀល តាមមាត្រា២២៥ នៃច្បាប់ស្តីពីសារពើពន្ធ ដោយមិនទាន់គិតពីរទោសព្រហ្មទណ្ឌផ្សេងទៀត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)