ភ្នំពេញ៖ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ពីឆ្នាំ២០២១ ដល់ ខែកក្កដា ឆ្នាំ២០២៣ បានកើនឡើងដល់ ៣៧៧លានដុល្លារ។ បើតាមការលើកឡើងរបស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
លោក ហេង សួរ ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យជាតិលើកទី៦៦ របស់ប្រទេសម៉ាឡេស៊ី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ អបអរសាទរជាមួយប្រជាពលរដ្ឋម៉ាឡេស៊ីនៅទូទាំងពិភពលោក ក្នុងការប្រារព្ធទិវាបុណ្យជាតិរបស់ខ្លួន។
នៅក្នុងពិធីនេះ ក្រោមវត្តមានរបស់ លោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតសហព័ន្ធម៉ាឡេស៊ីប្រចាំកម្ពុជា លោក ហេង សួរ បានលើកឡើងថា កម្ពុជានិងម៉ាឡេស៊ី បានខិតខំកសាងនូវមិត្តភាពដ៏ល្អនិងយូរអង្វែង និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតមួយក្នុងតំបន់អាស៊ាន។
«ប្រទេសយើងទាំងពីរនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី បន្តពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជនយ៉ាងស្អិតល្មួតជាមួយគ្នា»។ បើតាមការបញ្ជាក់របស់ លោក ហេង សួរ បានបន្ថែមថា ជាក់ស្តែង ទំហំពាណិជ្ជកម្មបានកើនឡើងពី ៥០០លានដុល្លារ នៅឆ្នាំ២០២១ ដល់៦២០លានដុល្លារ នៅឆ្នាំ២០២២ ហើយ៧ខែដើមឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មបានកើនដល់ ៣៧៧លានដុល្លារ។
ប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ថ្នាក់ទី៦ ក្នុងចំណោមប្រទេសដែលបានបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា។ បើតាមការលើកឡើងបន្តរបស់ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបន្ថែមថា មួយវិញទៀត ភ្ញៀវទេសចរម៉ាឡេស៊ី ដែលមកទស្សនានៅកម្ពុជាបានកើនឡើងជាលំដាប់ ពោលគឺចាប់ពីជាង២.៥ម៉ឺននាក់ នៅឆ្នាំ២០២០ កើនឡើងមកដល់ជាង៥.៣ម៉ឺននាក់ នៅឆ្នាំ២០២២។
លោក រដ្ឋមន្រ្តី បានបន្ថែមទៀតថា បើគិតត្រឹម ៧ខែដើមឆ្នាំ២០២៣នេះ ភ្ញៀវទេសចរម៉ាឡេស៊ីជាង ៥.២ម៉ឺននាក់ បានមកទស្សនានៅកម្ពុជា។
នាឱកាសនោះ លោក ក៏បានលើកឡើងថា ប្រជាពលរដ្ឋនិងនិស្សិតខ្មែរជាង ២.២ម៉ឺននាក់ កំពុងធ្វើការនិងសិក្សានៅប្រទេសម៉ាឡេស៊ី ដើម្បីកសាងសមត្ថភាព និងស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)