ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន បានចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យម ក្នុងឱកាសមេដឹកនាំនៃប្រទេសទាំងពីរ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា សម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន។
ការចុះ MoU នេះធ្វើឡើងនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសមេដឹកនាំនៃប្រទេសទាំងពីរអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី។
ការចុះអនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាវាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមបឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជាមួយ លោក ចូហ្សេ ម៉ា អេ ខនសិបសិន (JOSE MA. ACONCEPCION III) ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់ហ្វីលីន ដោយផ្តោតជាសំខាន់លើ ការលើកកម្ពស់វិស័យកសិកម្ម និងការជំរុញកាលានុវត្តភាពកសិពាណិជ្ជកម្ម ប្រកបដោយចីរភាព។
អនុស្សរណៈយោគយល់គ្នានេះ ផ្តោតជាសំខាន់លើការពិនិត្យលទ្ធភាពរួមគ្នា៖
១-សិក្សា និងបង្កើតច្រក បង្រៀនអំពីកសិកម្មប្រកបដោយ សក្តានុពល បច្ចេកវិទ្យា កសិកម្ម សន្តិសុខ ស្បៀង ម៉ូឌែល ធុរកិច្ច កសិសហគ្រិន និងការអភិវឌ្ឍ ខ្សែច្រវ៉ាក់តម្លៃរបស់កសិករ សហគ្រាស និងស្ថាប័នរដ្ឋទាំង តូចមធ្យម និងធំ។
២-កំណត់នូតម្រូវការធុរកិច្ចដើម្បីអភិវឌ្ឍកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យស្រូវ អង្ករ និង ផលិតផល និងសេវាកម្ម កសិកម្ម ផ្សេងទៀត។
៣-លើកកម្ពស់ការស្រាវជ្រាវ និង អភិវឌ្ឍន៍ស្រូវ អង្ករ
៤-ជំរុញយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងធានានូវបរិយកាសកសិធុរកិច្ចប្រកបដោយចីរភាព។
គូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)